បាល់ទាត់៖ ក្រុមដាណឺម៉ាកនឹងពាក់ឯកសណ្ឋានក្នុងព្រឹត្តិការណ៍ World Cup ដែលមានអត្ថន័យប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកាតាជាម្ចាស់ផ្ទះ ជាមួយនឹងជម្រើសអាវពណ៌ខ្មៅដែលបានបង្ហាញកាលពីថ្ងៃពុធម្សិលមិញ ដើម្បីផ្តល់កិត្តិយសដល់កម្មករចំណាកស្រុកដែលបានស្លាប់ ក្នុងអំឡុងពេលធ្វើការសំណង់បម្រើឱ្យព្រឹត្តិការណ៍។
ក្រុមហ៊ុនផលិតសំលៀកបំពាក់ Hummel បាននិយាយនៅក្នុងការបង្ហោះនៅលើ Instagram ដោយបញ្ចេញការរចនាជម្រើសទីបីពណ៌ខ្មៅថា "ពណ៌នៃការកាន់ទុក្ខ"។ ក្រុមហ៊ុនបាននិយាយថា "យើងគាំទ្រក្រុមជម្រើសជាតិដាណឺម៉ាកគ្រប់មធ្យោបាយ នេះមិនគួរច្រឡំជាមួយនឹងការគាំទ្រសម្រាប់ការប្រកួត ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតរបស់ពួកគេនោះទេ"។ ទោះបីជាច្បាប់របស់ FIFA World Cup ហាមឃាត់មិនឱ្យមានសារពាក់ព័ន្ធនឹងនយោបាយលើឯកសណ្ឋានក្រុមក៏ដោយ អាវដាណឺម៉ាកទាំងបីដែលរចនាជាពណ៌ក្រហម ស និងខ្មៅទាំងអស់មិនបានបង្ហាញជាលាយលក្ខណ៍អក្សរពីសារនយោបាយណាមួយឡើយ។
ដាណឺម៉ាកដែលជាក្រុមចំណាត់ថ្នាក់លេខ ១០ របស់ពិភពលោក ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបកាលពីឆ្នាំមុន គឺជាក្រុមមួយក្នុងចំណោមក្រុមចំនួន ៣២ ដែលទំនងជាមានជំហររឹងមាំប្រឆាំងនឹងកាតា។ សហព័ន្ធដាណឺម៉ាកក៏បានចូលរួមក្នុងយុទ្ធនាការអឺរ៉ុប ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន សម្រាប់ប្រធានក្រុមពាក់ខ្សែដៃ "One Love" ពហុពណ៌រាងបេះដូងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក។ សូមរំលឹកថា កាតាត្រូវបានគេរិះគន់យ៉ាងចាស់ដៃក្នុងទសវត្សរ៍ចុងក្រោយនេះ សម្រាប់ការទង្វើរមិនយកចិត្តទុកដាក់លើពលករចំណាកស្រុក ដែលភាគច្រើនមកពីអាស៊ីខាងត្បូង។ ដាណឺម៉ាកត្រូវបានចាប់ឆ្នោតក្នុងពូល World Cup ជាមួយនឹងក្រុមការពារតំណែងជើងឯកបារាំង អូស្ត្រាលី និងទុយនីស៊ី៕
អត្ថបទ៖នាង សុភាវុធ