អ៊ីរ៉ង់៖ សារព័ត៌មានរដ្ឋ និងបណ្ដាញសង្គមបានរាយការណ៍ថា ការតវ៉ានៅតែបន្តក្នុងទីក្រុងមួយចំនួននៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងការស្លាប់ស្ត្រីវ័យក្មេងម្នាក់នៅក្នុងពេលឃុំខ្លួនរបស់នគរបាល ខណៈក្រុមឃ្លាំមើលសិទ្ធិមនុស្សមួយបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨៣នាក់បានស្លាប់ក្នុងការតវ៉ារយៈពេលជិត ២សប្ដាហ៍មកនេះ។

ស្ត្រីវ័យ ២២ឆ្នាំ Mahsa Amini មកពីទីក្រុង Saqez របស់ក្រុមជនជាតិឃើដអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួននៅខែនេះក្នុងទីក្រុងតេអេរ៉ង់ពីបទស្លៀកពាក់មិនសមរម្យដោយនគរបាលផ្នែកសីលធម៌ ដែលអនុវត្តន៍លើការស្លៀកពាក់ដ៏តឹងរ៉ឹងរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅន័រវេសបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា មនុស្សយ៉ាងហោចណាស់ ៨៣នាក់រួមទាំងកុមារត្រូវបានបញ្ជាក់ថាបានស្លាប់ក្នុងការតវ៉ានៅអ៊ីរ៉ង់។ ការតវ៉ាមិនមែនផ្ទុះឡើងតែនៅក្នុងប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ តែក៏បានកើតឡើងនៅក្នុងប្រទេសជាច្រើនទៀតផងដែរដូចជានៅក្នុងប្រទេសន័រវេស នគរបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សមួយចំនួនដែលកំពុងស្ថិតក្នុងចំណោមក្រុមមនុស្សហិង្សា បានព្យាយាមចូលទៅក្នុងស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Oslo ដោយមានការប្រទូសរ៉ាយ និងគប់ដុំថ្មទៅលើក្រុមមន្ត្រី។ ក្រុមអាជ្ញាធរនិយាយថា មនុស្ស ៩០នាក់ត្រូវបានឃុំខ្លួន។

ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ ក្រុមអ្នកតវ៉ារាប់រយនាក់នៅក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃពុធ បានប្រឆាំងទៅនឹងរបបអ៊ីរ៉ង់ ក្នុងការតវ៉ាមួយក្នុងចំណោមការតវ៉ាជាបន្តបន្ទាប់ទូទាំងប្រទេស ក្រោយការស្លាប់ស្ត្រីឃឺតអ៊ីរ៉ង់វ័យ ២២ឆ្នាំរូបនេះ។ នៅអង់គ្លេសវិញ ការតវ៉ាដោយហិង្សាតាមដងផ្លូវបានផ្ទុះឡើងនៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុងឡុងដ៍ ដោយបាតុករគប់ដុំថ្មទៅលើនគរបាល និងមនុស្ស ៥នាក់ត្រូវបានចាប់ខ្លួន៕
អត្ថបទ៖ សុខមាន