រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុង Moscow និងក្រុង Washington បានសន្ទនាក្នុងការស្រោចស្រង់កិច្ចព្រមព្រៀង New START។ New START គឺជាសន្ធិសញ្ញានៃការកាត់បន្ថយអាវុធនុយក្លេអ៊ែរដ៏សំខាន់ ដែលកំណត់លើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយ ព្រមទាំងរថយន្តដឹកជញ្ជូនរបស់ខ្លួនផងដែរ។
ប្រទេសមហាអំណាចទាំង២ កំពុងពិចារណាបន្តការត្រួតពិនិត្យទៅវិញទៅមកនៃឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលបានដាក់ពង្រាយក្នុងចំនួនជាក់លាក់ដែលត្រូវបានផ្អាកក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតសកល Covid-19។ លោកស្រី Zakharova បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានបទនៃការបន្តការចរចាទាំងនោះកំពុងត្រូវបានពិចារណា ដោយបន្ថែមថា ពេលនេះភាគីទាំង២ កំពុងពិភាក្សាពីមធ្យោបាយដែលនឹងបើកផ្លូវឲ្យប្រទេសទាំង២ វិលត្រឡប់ទៅរកការអនុវត្តន៍ពេញលេញនៃសន្ធិសញ្ញានេះ។ អ្នកនាំពាក្យរូបនេះបាននិយាយថា រុស្ស៊ី និងអាមេរិកក៏អាចមានជំនួបទល់មុខគ្នានៃគណៈកម្មការទីប្រឹក្សាទ្វេភាគីផងដែរ ដោយបន្ថែមថា លទ្ធភាពនានាកំពុងត្រូវបានសិក្សា។ បច្ចុប្បន្នគណៈកម្មការនេះកំពុងរៀបចំកិច្ចប្រជុំតាមវីដេអូ ខណៈក្រុមសមាជិករបស់ខ្លួនពិភាក្សាពីបញ្ហាការរៀបចំ និងបច្ចេកទេសដែលចាំបាច់ត្រូវដោះស្រាយ៕
អត្ថបទ៖ សុខមាន