អឺរ៉ុប៖ អវកាសយានិកជនជាតិអ៊ីតាលីលោកស្រី Samantha Cristoforetti បានក្លាយជាស្ត្រីអឺរ៉ុបដំបូងកាន់តំណែងមេបញ្ជាការស្ថានីយអវកាសអន្តរជាតិកាលពីថ្ងៃពុធសប្ដាហ៍នេះ អំឡុងពិធីតែងតាំងផ្សាយផ្ទាល់ចេញពីទីអវកាស។
លោកស្រីបានទទួលតំណែងពីអវកាសយានិករុស្ស៊ីលោក Oleg Artemyev ដែលបានផ្ដល់សោជានិមិត្តរូបសម្រាប់គ្រប់គ្រងទីបញ្ជាការ ព្រមទាំងប្រអប់តូចមួយដែលមាននំ cake ទៀតផង។ លោកស្រី Cristoforetti នឹងក្លាយជាមេបញ្ជាការទី៥ របស់អឺរ៉ុបរបស់ស្ថានីយអវកាសអន្តរជាតិ។ លោកស្រីបានចាប់ផ្ដើមបេសកកម្ម Minerva របស់លោកស្រីកាលពីខែមេសា ឆ្នាំ២០២២។
យោងតាមតាមទីភ្នាក់ងារអវកាសអឺរ៉ុប មេបញ្ជាការស្ថានីយអវកាសមួយនេះទទួលខុសត្រូវចំពោះសកម្មភាពការងារ និងសុខុមាលភាពរបស់ក្រុមអវកាសយានិកក្នុងគន្លងតារាវិថី ដោយថែរក្សាការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារនៅលើភពផែនដី និងការសម្របសម្រួលការឆ្លើយតបក្រុមការងារក្នុងករណីបន្ទាន់៕
អត្ថបទ៖ សុខមាន