ភ្នំពេញ៖ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ ក្នុងពេលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលត្រូវសម្ពោធដាក់ប្រើប្រាស់ នៅថ្ងៃទី១ខែតុលាស្អែកនេះ មន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានរម្លឹកពលរដ្ឋត្រូវយល់ដឹងពីលក្ខខណ្ឌនៃបើកបរលើដងផ្លូវ និងជាពិសេសហាមបត់បញ្ច្រាសទិស។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៣០ខែកញ្ញានេះ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋមុន សម្រេចចិត្តធ្វើដំណើរ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវគោរពតាមការណែនាំរបស់ក្រសួង ដែលមានដូចជា៖ត្រូវចេញ-ចូលតាមច្រកទាំង៨កន្លែង ដែលមានស្ថានីយពីភ្នំពេញរហូតដល់ខេត្តព្រះសីហនុ ត្រូវគោរពល្បឿនបើកបរ និងហាមបត់បញ្ច្រាសទិសជាដើម។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលបានកសាងសមិទ្ធផលផ្លូវល្បឿលឿនភ្នំពេញ-ព្រះសីហនុ ដំបូងគេនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។លើសពីនេះ ពួកគាត់លើកពីគម្រោងធ្វើដំណើរតាមផ្លូវល្បឿនលឿនផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែងមានកន្លែងឈប់សម្រាក៣កន្លែង និងចំណតរថយន្ត១កន្លែង ៕ អត្ថបទ៖ទូច សោភ័ណ