បាល់ទាត់៖ ក្រុមហ៊ុន KAM Sports ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅតែចាប់អារម្មណ៍ក្នុងការទិញយកភាគហ៊ុនធំក្លិប Everton មកគ្រប់គ្រង នេះបើតាមការចុះផ្សាយរបសសារព័ត៌មានអង់គ្លេស BBC។ ក្រុមហ៊ុនមួយនេះធ្លាប់បានធ្វើទំនាក់ទំនងចរចាទិញ Everton ម្តងរួចមកហើយកាលពីដើមឆ្នាំ២០២២ នេះ តែម្ចាស់ក្លិប Everton បច្ចុប្បន្នលោក Farhad Moshiri មិនព្រមលក់។
KAM Sports គឺស្ថិតក្រោមការគ្រប់គ្រងរបស់ Kaminski Family ដែលមានមូលដ្ឋាន Minneapolis ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយនៅសហរដ្ឋអាមេរិក។ Kaminski Family ក៏ធ្លាប់ជាសមាជិករបស់លោក Peter Kenyon ដែរដែលធ្លាប់ចង់ទិញភាគហ៊ុនរបស់ Everton ផងដែរនាពេលកន្លងមក។ លោក Peter Kenyon គឺជាអតីតនាយកក្លិប Manchester United និង Chelsea កាលពីអតីតកាល។
ដោយឡែកទោះបីមានការចង់បាន Everton ពីអ្នកវិនិយោគមួយចំនួនក្តី ម្ចាស់ក្លិបបច្ចុប្បន្នលោក Farhad Moshiri នៅតែប្រកាន់ជំហរមិនលក់ឡើយ។ តាំងពីកាន់កាប់ភាគហ៊ុនធំរបស់ Everton នៅឆ្នាំ២០១៦ លោក Moshiri បានចាយលុយវិនិយោគក្លិបជាច្រើនលានផោន ដូចជាការសាងសង់កីឡដ្ឋានថ្មីដែលមានកៅអីសរុប ៥៣,០០០ ដែលនឹងរួចរាល់នៅឆ្នាំ២០២៤។ យ៉ាងណាក្តី Everton ក៏មានការខាតបង់ជិត ៤០០លានផោនក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ដែលមានការលំបាក និងប្រឈមនឹងការកាត់ចោល៕
អត្ថបទ៖នាង សុភាវុធ