រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ឯករាជ្យនៃខេត្ត Kherson និងខេត្ត Zaporizhzhia នេះបើយោងតាមព័ត៌មានផ្លូវការរបស់សហព័ន្ធរុស្ស៊ី។ ក្រឹត្យនេះនិយាយថា រុស្ស៊ីទទួលស្គាល់ឯករាជ្យរបស់ខេត្ត Kherson ភាគខាងត្បូង និងខេត្ត Zaporizhzhia ដែលរុស្ស៊ីបានដណ្ដើមយកដោយផ្នែកកាលពីដើមឆ្នាំនេះ។

សកម្មភាពនេះកើតឡើងក្រោយការបោះឆ្នោតប្រជាមតិ ដែលបានធ្វើឡើងនៅក្នុងដែនដីមួយចំនួនដែលខ្លួនបានគ្រប់គ្រងកាលពីថ្ងៃទី២៣ ដល់២៧ កញ្ញា ដោយមានការអះអាងថា ពលរដ្ឋក្នុងតំបន់ត្រូវបានសាកសួរថា តើពួកគេចង់ឲ្យដែនដីទាំងនេះចូលរួមជាមួយរុស្ស៊ីឬអត់។ ការធ្វើបែបនេះ រុស្ស៊ីព្យាយាមពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើដែនដីអ៊ុយក្រែន ដែលខ្លួនបានវាយដណ្ដើមកាន់កាប់ ក្រោយការវាយបកថ្មីៗដោយជោគជ័យរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងចុះហត្ថលេខាលើឯកសារទាំងនេះ ដើម្បីដាក់បញ្ចូលជាផ្លូវការនូវតំបន់មួយចំនួនរបស់អ៊ុយក្រែន ដែលរុស្ស៊ីគ្រប់គ្រងនៅថ្ងៃទី៣០ ខែកញ្ញានេះ ជាវិធានការមួយដែលត្រូវបានថ្កោលទោសដោយសម្ព័ន្ធមិត្តលោកខាងលិចថា ជារឿងខុសច្បាប់ និងឥតប្រយោជន៍៕
អត្ថបទ៖ សុខមាន