ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចចូលជាធរមាននៅ៦០ថ្ងៃ ពោលគឺនៅខែវិច្ឆិកាខាងមុខ បន្ទាប់ពីរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងនៅថ្ងៃទី៣០ ខែកញ្ញានេះថា បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹង (Notification) ដល់កម្ពុជា។ ៦០ ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងត្រូវចូលជាធរមាន។
បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ រួមមានផលិតផលកសិផលដូចជា ម្រេច, ចេក, គ្រាប់ស្វាយចន្ទី, ដំឡូង, ម្នាស់, ដូង, កាហ្វេ, ផ្លែឈើ, ពោត, ,មៀន, ថ្នាំជក់, សាច់, ទំនិញវារីវប្បកម្ម កសិផលកែច្នៃដូចជា ស្ករស, ស្ករអំពៅ, សំបុកត្រចៀកកាំ, អាហារកែច្នៃពីអង្ករ កៅស៊ូធម្មជាតិ, សំលៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - កាបូបយួរ, គ្រឿងបង្គុំ, គ្រឿងបន្លាស់, និងទំនិញឧស្សាហកម្មមួយចំនួនទៀត។
ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន សម្ភារៈអេឡិចត្រូនិក, រថយន្ត, គ្រឿងចក្រសំរាប់បម្រើឱ្យវិស័យសំណង់ និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ស្បែកកែច្នៃ, ផលិតផលរក្សាសម្ផស្ស, អាហារ- គ្រឿងទេស, សម្ភារៈសំណង់, គ្រឿងបន្លាស់ ជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ហើយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ ស្របពេលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ ។
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានប្រមាណ ៥៥០លានដុល្លារ ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ ២០២២នេះ។ ក្នុងនោះការនាំចេញទំនិញកម្ពុជា ទៅប្រទេសកូរ៉េ មានតម្លៃជាង ១៥៦លានដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង ៣៩៣លានដុល្លារ។ នេះបើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាយគយ និងរដ្ឋាករកម្ពុជា៕អត្ថបទ៖ វណ្ណៈ









