
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានណែនាំការងារសំខាន់ៗមួយចំនួន ដល់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីកែលំអរនូវភាពអសកម្ម ភាពចន្លោះប្រហោង នៃការអនុវត្តនីតិវិធីតាមជំនាញ គួបផ្សំនិងកំណើននៃបច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យមន្ត្រីមានធនធានសមត្ថភាពជំនាញ ដើម្បីធ្វើកិច្ចការទាំងនោះ ឲ្យបានសមស្របទៅតាមសភាពការណ៍វិវត្តន៍ជាក់ស្ដែង។
ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញ «បទល្មើសកម្មសិទ្ធិបញ្ញា និងនីតិវិធីស៊ើបអង្កេតប្រឆាំងការសម្អាតប្រាក់» ដែលរៀបចំដោយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក មួង សុធា បានលើកឡើងថា ក្នុងនាមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវខិតខំអនុវត្តតាមទិសដៅ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រគល់ជូននោះ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា វគ្គបំប៉នជំនាញរយៈពេលពីរថ្ងៃមកនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពជំនាញដល់មន្ដ្រីអនុវត្តច្បាប់ដែលជាកត្តាចំបង ស្របតាមផែនការយុទ្ធសាស្ដ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការសកម្មភាពរបស់នាយកដ្ឋាន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍បានបន្តថា យើងត្រូវខិតខំបន្តអនុវត្តតាមទិសដៅ និងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នងការដ្ឋាននគរបាលជាតិ។ បន្តខិតខំបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសផលិត ការនាំចូលឱសថខុសច្បាប់ ក្លែងក្លាយ និងចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានអនាម័យមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ខិតខំបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគេចពន្ធ រត់ពន្ធគ្រប់ប្រភេទសំដៅចូលរួមបង្កើនចំណូលថវិកាជាតិ។ បន្តខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ត្រូវបន្តខិតខំពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យបទល្មើស ដោយមានប្រព័ន្ធទទួលព័ត៌មាន និងឆ្លើយតបទាន់ហេតុការណ៍ ពាក់ព័ន្ធនឹងរបាយការណ៍បង្ក្រាបបទល្មើសតាមរាជធានី-ខេត្ត (តាមប្រព័ន្ធវេបសាយ,អ៊ីម៉ែល,ឡាញ,វាយប័រ..។ល។)
លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់សិក្ខាកាមជានគរបាលទាំងអស់ ត្រូវមានកម្មវិធីប្រជុំជីវភាពឲ្យបានទៀងទាត់ ដោយធ្វើការដាស់តឿនឲ្យមន្ត្រីក្រោមឱវាទ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើការសិក្សាស្វែងយល់អំពីច្បាប់ លិខិតបទដ្ឋាននានាដែលបម្រើឲ្យការងារស្រាវជ្រាវស៊ើបអង្កេត ជាពិសេសពង្រឹងការអនុវត្តន៍វិន័យតាមបទបញ្ញាលេខ ០០៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ត្រូវខិតខំបន្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងកងកម្លាំងនគរបាលសេដ្ឋកិច្ច ដោយបើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញរយៈពេលខ្លីវែង នៅនឹងកន្លែងទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាលជារួម និងបន្តទៅតាមមូលដ្ឋាន និងត្រូវមានសាមគ្គីភាពល្អ ក្នុងជួរកងកម្លាំង ក៏ដូចនៅក្នុងអង្គភាពទាំងមូលផងដែរ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក រំពឹងថាសិក្ខាកាមទាំងអស់ ច្បាស់ជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តភារកិច្ចរបស់ខ្លួន និងចែករំលែកចំណេះដឹងនេះ ដល់យុទ្ធមិត្តរួមការងារបន្ត និងអគុណដល់ក្រុមការងារ ដែលបានរៀបចំវគ្គបំប៉នជំនាញ នេះដោយរលូន និងបញ្ចប់ជាស្ថាពរដោយជោគជ័យ៕ អត្ថបទបាន ចក់



