សៀមរាប៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ទីពីតំបន់ទី១ និងទី២ នៃរមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី១តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លៀតលើកឡើងបែបចំអកទៅកាន់អ្នកប្រឆាំងរិះគន់បេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទៅថ្ងៃអនាគតថា ការដែលគេវាយប្រហារមកលើ ហ៊ុន ម៉ាណែត នឹងនាំឱ្យម៉ាណែត ចេះការពារខ្លួន។
សម្តេចបានមានប្រសាសន៍លើកឡើងពីក្រុមអគតិដែលតែងតែរិះរកគ្រប់មធ្យោបាយធ្វើការវាយប្រហារមកលើសម្តេច និងបន្តធ្វើការវាយប្រហារមកដល់លោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់សម្តេចថែមទៀត ខណៈលោក ហ៊ុន ម៉ាណែត ត្រូវបានការគាំទ្រ សម្រាប់បន្តតំណែងជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតជាវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាអនុម័តជាឯកច្ឆ័ន្ទសម្រាប់បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅថ្ងៃអនាគត បន្ទាប់ពីសម្តេចតេជោ ជាប្រមុខដ៏ឆ្នើមបាននិងកំពុងដឹកនាំនាបច្ចុប្បន្ន៕