សៀវភៅ «សទ្ទានុក្រមពាក្យន័យដូច» គឺជាស្នាដៃអក្សរសាស្រ្តខ្មែរថ្មីមួយទៀត ដែលត្រូវបានសិក្សាស្រាវជ្រាវ ចងក្រង ដោយសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ នៃដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ និងដេប៉ាតឺម៉ង់ភាសាវិទ្យា ដែលចេញផ្សាយតាមរយៈមហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការជួយគាំទ្រថវិកាបោះពុម្ពផ្សាយដោយអគ្គិសនីកម្ពុជា។
វណ្ណកម្មអក្សរសាស្រ្តខ្មែរមួយក្បាលនេះបានរំលេចមេពាក្យ និងបញ្ជាក់ន័យពាក្យចំនួន ១៣៥៦ ពាក្យ ដែលត្រូវបានសិក្សាស្រាវជ្រាវ និងរៀបរៀងចងក្រងយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការនិពន្ធ ៦ រូប រួមមាន៖ លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្រ្ត លោកស្រីសាស្ត្រាចារ្យ វ៉ា សោភា លោកសាស្ត្រាចារ្យ ចាន់ វឌ្ឍនា លោកសាស្ត្រាចារ្យ ឆាន់ គឹមសឿន លោកសាស្ត្រាចារ្យ គេន រង្សី លោកសាស្ត្រាចារ្យ សំ អេងលាង ព្រមទាំងមានការសម្របសម្រួលដោយលោកស្រីបណ្ឌិត កែវ ច័ន្ទវុទ្ធី ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យសង្គមសាស្ត្រ-មនុស្សសាស្ត្រ។
គណៈកម្មការនិពន្ធសៀវភៅ សទ្ទានុក្រមពាក្យន័យដូច រំពឹងថាសៀវភៅមួយក្បាលនេះនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់គ្រប់មជ្ឈដ្ឋានអ្នកសិក្សា និងស្រាវជ្រាវភាសាខ្មែរ និងអ្នកប្រើប្រាស់ពាក្យខ្មែរ ដើម្បីឈ្វេងយល់ពីភាសាខ្មែរឱ្យកាន់តែស៊ីជម្រៅជាងមុន៕







