ប៉ាគីស្ថាន៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់កិច្ចព្រមព្រៀងដើម្បីផ្អាកការទូទាត់សេវាលើបំណុលចំនួន ១៣២លានដុល្លាររបស់ប្រទេសប៉ាគីស្ថាន ខណៈប្រទេសនៅអាស៊ីខាងត្បូងមួយនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលកាន់តែធ្ងន់ធ្ងរដោយសារទឹកជំនន់បំផ្លាញ។

សេដ្ឋកិច្ចរបស់ប៉ាគីស្ថានកំពុងប្រឈមនឹងតុល្យភាពនៃវិបត្តិសងបំណុល ការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់ខ្លួនដល់កម្រិតទាបជាប្រវត្តិសាស្ត្រ និងអតិផរណារហូតដល់ ២៧ភាគរយ។ ទឹកជំនន់បានបំផ្លាញប្រទេសនេះ ភាគច្រើនកាលពីចុងខែសីហាបណ្តាលឲ្យមនុស្សជាង ១,៥០០នាក់ស្លាប់ និងមានការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារ ដោយធ្វើឱ្យមានការព្រួយបារម្ភថា ប្រទេសប៉ាគីស្ថាននឹងមិនអាចបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនបាននោះទេ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាគីស្ថានលោក Donald Blome បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបន្ថែមការផ្តល់ប្រាក់កម្ចី ក្រោមគំនិតផ្តួចផ្តើមការផ្អាកសេវាបំណុលរបស់ក្រុមប្រទេស G20។

ការចុះហត្ថលេខានេះគឺពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងក្លឹបទីក្រុងប៉ារីសកាលពីខែមេសា ឆ្នាំ២០២០ ក្នុងការគាំទ្រប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៧៣ប្រទេសក្នុងអំឡុងពេលជំងឺ COVID-19 ដែលសហរដ្ឋអាមេរិកបានផ្តល់ជំនួយសង្គ្រោះបំណុលចំនួន ១២៨លានដុល្លារដល់ប្រទេសប៉ាគីស្ថាន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថានលោក Miftah Ismail បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងអ៊ីស្លាម៉ាបាដកំពុងស្វែងរកជំនួយសង្គ្រោះបំណុល ពីម្ចាស់បំណុលទ្វេភាគីបន្ទាប់ពីមានទឹកជំនន់៕
អត្ថបទ៖ ប៊ុនថន