អ៊ីរ៉ង់៖ អ៊ីរ៉ង់បានដាក់កំហុសលើសត្រូវបរទេសចំពោះការតវ៉ាដែលបានរាលដាល បន្ទាប់ពីការស្លាប់របស់ស្ត្រីម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាលសីលធម៌ ដែលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនប្រជាជនអឺរ៉ុប ៩នាក់សម្រាប់ការចូលរួមរបស់ពួកគេក្នុងការបង្កភាពចលាចល។

ការឃុំខ្លួនពលរដ្ឋអាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូឡង់ ស៊ុយអែត និងប្រទេសផ្សេងទៀតទំនងជាធ្វើឱ្យមានភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិចជុំវិញការស្លាប់របស់នាង Mahsa Amini។ ការកើនឡើងភាពតានតឹងកើតមានឡើងនៅពេលដែលមានអ្នកស្លាប់ និងរបួសកាន់តែច្រើន។ មន្ត្រីម្នាក់បាននិយាយថា មនុស្ស ១៩នាក់បានស្លាប់ បន្ទាប់ពីកងកម្លាំងសន្តិសុខបានបាញ់ទៅលើក្រុមបាតុករប្រដាប់អាវុធ ដែលវាយប្រហារលើប៉ុស្តិ៍នគរបាលមួយកន្លែង។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបទៅនឹងការថ្កោលទោសជាអន្តរជាតិ ចំពោះករណីនេះដោយបានបញ្ចេញកំហឹងទៅលើក្រុមអ្នករិះគន់របស់ខ្លួន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានទាញប្រយោជន៍ពីភាពចលាចលដើម្បីព្យាយាមធ្វើឱ្យអ៊ីរ៉ង់មានអស្ថិរភាព។
ក្រសួងស៊ើបការណ៍សម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា មនុស្សមិនស្គាល់អត្តសញ្ញាណទាំង ៩នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលកុប្បកម្ម ឬខណៈពេលកំពុងរៀបចំផែនការ។ នាង Amini អាយុ ២២ឆ្នាំមកពីទីក្រុង Saqez ជាជនជាតិឃឺដអ៊ីរ៉ង់ត្រូវបានចាប់ខ្លួននៅទីក្រុងតេអេរ៉ង់ ពីបទស្លៀកពាក់មិនសមរម្យមិនបានគ្របសក់ដោយកន្សែង ធ្វើឡើងដោយនគរបាលសីលធម៌អនុវត្តក្រមសីលធម៌សំលៀកបំពាក់តឹងរឹង របស់សាធារណរដ្ឋអ៊ីស្លាមសម្រាប់ស្ត្រី។ ការស្លាប់របស់នាងបានបង្កឱ្យមានការប្រឆាំងតវ៉ាដ៏ធំ នៅតាមដងផ្លូវរបស់ប្រទេសអ៊ីរ៉ង់ ចាប់តាំងពីអាជ្ញាធរបានបង្ក្រាបការតវ៉ាប្រឆាំងការឡើងថ្លៃប្រេងសាំងក្នុងឆ្នាំ២០១៩៕
អត្ថបទ៖ ប៊ុនថន