ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមTYDA ទទួលបន្ទុកបេសកកម្មសាលារៀន បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្ថែមទៀតថា ការថែទាំសុខភាពបឋម និងសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ដែលតម្រូវឱ្យមានចូលរួមទាំងអស់គ្នា ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះក្មួយៗមករៀនសូត្របានទៀងទាត់ ដែលនឹងឱ្យលទ្ធផលសិក្សាបានល្អ។
លោកវេជ្ជបណ្ឌិតក៏បញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ហើយក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង ៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ បានបញ្ចូនមក និង វះកាត់ដោយជោគជ័យផងដែរ។
លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានគោរពថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ “TYDA ” ព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សវិទ្យាល័យឬស្សីកែវ និងថ្លែងអំណរគុណយុវជនសមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ។
សូមបញ្ជាក់ថា ក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៩៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំ សុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យឬស្សីកែវ ។ក្នុងនោះ ក៏បាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ។ រួមមាន៖ មានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១២០ដបធំ និងម៉ាស់ ចំនួន៥០០០ម៉ាស៕










