រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រក្នុងពិធីចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីការដាក់បញ្ចូលសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ព្រមទាំងតំបន់ Kherson និង Zaporizhzhia ដែលបានប្រកាសឯករាជ្យពីអ៊ុយក្រែនបញ្ចូលទៅក្នុងប្រទេសរុស្ស៊ីថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយទីក្រុងគីវ។

លោកបាននិយាយថា យើងអំពាវនាវឱ្យរបបទីក្រុងគីវបញ្ឈប់អរិភាពទាំងអស់ បញ្ឈប់សង្គ្រាមដែលវាបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ហើយត្រលប់មករកតុចរចាវិញ។ លោកនិយាយថា ទោះជាយ៉ាងណាទីក្រុងមូស្គូនឹងមិន «ក្បត់» ទឹកដីដែលចង់ក្លាយជាផ្នែកមួយរបស់រុស្ស៊ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងសារជាថ្មីកាលពីថ្ងៃសុក្រថា ការសន្យារបស់លោកនឹងដណ្តើមយកទឹកដីអ៊ុយក្រែនទាំងអស់មកវិញ ដែលរុស្ស៊ីបានចូលកាន់កាប់។
លោកនិយាយថា «ទឹកដីទាំងមូលរបស់ប្រទេសយើងនឹងត្រូវបានរំដោះពីសត្រូវមកវិញ» ឆ្លើយតបទៅនឹងការអំពាវនាវឱ្យមានការចរចាពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លោក Zelenskyy បាននិយាយថា «យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែជាមួយប្រធានាធិបតីរុស្ស៊ីផ្សេងទៀត។ នៅក្នុងវីដេអូមួយ លោក Zelenskyy ត្រូវបានគេមើលឃើញថា បានចុះហត្ថលេខាលើពាក្យស្នើសុំសម្រាប់ការពន្លឿនការចូលជាសមាជិកអង្គការ NATO រួមជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal៕
អត្ថបទ៖ ប៊ុនថន