ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិសហការជាមួយអង្គការKOFIH នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុង ការថែទាំ ព្យាបាលទារក និងកុមារ ដើម្បីបង្កើនសមត្ថភាពដល់គ្រូពេទ្យ សំដៅពង្រឹងគុណភាពសេវាថែទាំ ព្យាបាល ជូន ដល់កុមារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា សន្និសីទនេះ មិនមែន គ្រាន់តែជាការចែករំលែកពីវាគ្មិនល្បីៗនោះទេតែផ្ដោតសំខាន់លើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ដែលបានអនុវត្ត ដើម្បីជួយពង្រឹងសមត្ថភាពកែលម្អចំណុចខ្វះខាតគ្នាទៅវិញទៅមក ហើយក៏ជាការបង្កើតឱកាសឲ្យសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពីមន្ទីរពេទ្យកុមារជាតិ បានបង្ហាញពីវឌ្ឍនភាពនៃសមត្ថភាពរបស់ខ្លួន ដែលបានកំពុងយកចិត្តទុកដាក់ប្រឹងប្រែងពង្រឹងគុណភាពសេវាតាមស្ថាប័ន ដែលខ្លួន កំពុង មាន ទំនួលខុសត្រូវនិងការរក្សានូវវប្បធម៌ចែករំលែកជួយជ្រោមជ្រែងគ្នាផងដែរ។ ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ក្រសួងសុខាភិបាល បានផ្ដល់លទ្ធភាពនិងឱកាសឲ្យមន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្មក្នុងការវិវត្តន៍គុណភាពសេវាកម្មសុខាភិបាល និងការពង្រឹងសមត្ថភាពរបស់ បុគ្គលិកទាំងចំណេះដឹងជំនាញនិងឥរិយាបថប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ រហូតក្លាយជាគ្រូបង្គោល ថ្នាក់ជាតិជាពិសេសបានចូលរួមយ៉ាងសកម្មជំនួយក្រសួងសុខាភិបាល ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩កន្លងមក។
ទន្ទឹមគ្នានោះដែរលោក គីម សាំងយ៉ុន ប្រធានអង្គការKOFIHប្រចាំ នៅកម្ពុជា សង្ឃឹមថា តាមរយៈ សន្និសីទនេះ នឹងចូលរួមចំណែកក្នុងការបង្កើនជំនាញនិងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រវ័យក្មេង នេះជាឱកាសដ៏ល្អ ក្នុងការចាប់យកចំណេះដឹង និងបច្ចុប្បន្នភាពទៅលើចំណេះដឹងរបស់ពួកគេកាន់តែប្រសើរថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្ដែងនូវមោទនភាពចំពោះ ថ្នាក់ដឹកនាំបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារជាតិដែលមានគំនិតផ្តួចផ្តើមថ្មីៗ ជាបន្ត បន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការរៀបចំសន្និសីទឡើង ក្នុងការលើកកម្ពស់និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈ បន្តសម្រាប់បុគ្គលិក សុខាភិបាល តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការអនុវត្តន៍គ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីបង្កើនចំណេះដឹងនិងជំនាញគ្លីនិកក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រសិទ្ធភាព៕ អត្ថបទ រដ្ឋា






