ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកិច្ចសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាសីអាគ្នេយ៍ បានបើកយុទ្ធនាការBeyond THE GAMES នៅល្ងាចថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២។ យុទ្ធនាការនេះ មានគោលដៅមួយចំនួន ហើយក្នុងនោះក៏មានគោលដៅសំខាន់មួយ គឺការយកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកតម្កើងភាពអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
Beyond THE GAMES ដែលមានឈ្មោះជាភាសាខ្មែរថា លើសពីការប្រកួត ជាឈ្មោះយុទ្ធនាការថ្មី ដែលចាប់ផ្ដើមនៅពេលនេះរហូតដល់ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣។
ក្នុងឱកាសប្រកាសបើកយុទ្ធនាការនេះ ឯកឧត្តម សុខ សប្បាយណា ជាថ្នាក់ដឹកនាំមួយរូបមកពី សហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា យុទ្ធនាការនេះ គឺមានគោលដៅសំខាន់ លើសពីការប្រកួតចាញ់ឈ្នះ លើសពីការទទួលមេដាយ។
ឯកឧត្តម បញ្ជាក់ថា យុទ្ធនាការនេះ គឺផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវ មនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ឯកឧត្តម បន្តថា ពួកយើងនឹងយកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកតម្កើងកម្ពុជា។ លើកតម្កើងកម្ពុជាទាំងមូល តាមរយៈការបង្ហាញពីមុខមាត់ សុខសន្តិភាព សមត្ថភាព ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា។ យើងផ្សារភ្ជាប់តម្លៃនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយមោទកភាពនូវអ្វីដែលកម្ពុជាមានក្នុងនាមជាម្ចាស់ផ្ទះ និងរំលេចភាពសម្បូរសប្បាយ ការរីកចម្រើន វប្បធម៌ អរិយធម៌ និងមោទកភាពជាតិ ប្រកបដោយភាពសុទិដ្ឋិនិយម ភាពជឿជាក់ និងក្តីសង្ឃឹមចំពោះអនាគតកម្ពុជា។ លើសពីនេះ ក៏ដើម្បីជំរុញឱ្យសាធារណជនស្វែងយល់បន្ថែមទៀត ហើយបន្សល់ទុកនូវស្មារតី និងចងចាំនូវអនុស្សាវរីយ៍ល្អៗទាំងមុនអំឡុង និងក្រោយព្រឹត្តិការណ៍។
ក្នុងយុទ្ធនាការនេះ ក៏នឹងមានការរៀបចំនូវសកម្មភាពជាច្រើន ដែលទាមទារឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមដើម្បីលើកកម្ពស់ផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
យុទ្ធនាការនេះ ធ្វើឡើងក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ - Hearts Beat in Sync»។ ជាមួយគ្នានេះ យុទ្ធនាការ#BeyondTheGames កំណត់យក «មោទកភាព, វប្បធម៌ សាមគ្គីភាព/ភាពសុខដុម សន្តិភាព និងភាពជាម្ចាស់»ជាសារស្នូលសំខាន់បំផុតរបស់យុទ្ធនាការទៅកាន់សាធារណជនទូទៅដែលជាក្រុមគោលដៅ។
យុទ្ធនាការ #Beyond TheGames នឹងផ្សារភ្ជាប់ជាមួយសាធារណជនជាក្រុមគោលដៅ ទាំងមុនព្រឹត្តិការណ៍ អំឡុងពេលព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងជាបួនដំណាក់កាល រួមមាន៖ ទី១-ការបញ្ចៀបការយល់ដឹង ទី២-ការកៀរគរការចូលរួម និងការគាំទ្រ ទី៣-ការបញ្ជាក់ពីភាពជោគជ័យនៃយុទ្ធនាកា និងទី៤-ការនាំយកនូវអនុស្សាវរីយ៍នៃយុទ្ធនាការ និងការបន្តនូវស្មារតីយុទ្ធនាការ៕ អត្ថបទ៖ គឹមហុក