កីឡាអាស៊ី៖ លោក Xu Jianfeng ប្រធានផ្នែកទំនាក់ទំនងការបរទេស នៃគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou (19th Asian Games Hangzhou 2022) បានចាត់ទុកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) និងកម្មវិធីរត់កម្សាន្ដ OCA Fun Run នៅកម្ពុជាគឺជាឱកាសផ្សព្វផ្សាយ និងបង្ហាញពីវឌ្ឍនភាពនៃដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីនៅប្រទេសចិន។
ការលើកឡើងនេះបន្ទាប់ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធី OCA Fun Run ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកីឡាអាស៊ីលើកទី១៩ កាលពីថ្ងៃទី០២ ខែតុលាម្សិលមិញ ក្នុងគ្រាដែលកម្ពុជាកំពុងធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីលើកទី៤១ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ លោក Xu Jianfeng បានសម្ដែងសេចក្ដីត្រេកអរដែលកម្ពុជាបានទទួលរៀបចំមហាសន្និបាត និងកម្មវិធីរត់កម្សាន្ដ OCA Fun Run ដែលជាការផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់គណៈកម្មការរបស់ខ្លួន ក៏ដូចជាមុខមាត់ប្រទេសចិន ដើម្បីផ្សាយផ្សាយពីការប្រកួតកីឡាអាស៊ីដល់មហាជន ពិសេសបណ្ដាប្រទេសសមាជិក OCA ដែលចូលរួមមហាសន្និបាតនៅកម្ពុជា ហើយក៏ជាឱកាសធ្វើបទបង្ហាញពីវឌ្ឍនភាព នៃការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដង ដែលត្រូវបានលើកពេលទៅចុងឆ្នាំ២០២៣ នេះផងដែរ។
រីឯមន្ដ្រី OCA លោក Wissan Trkmani បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីរត់កម្សាន្ដ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រនេះគឺដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ីនៅទីក្រុង Hangzhou និងលើកឡើងនូវប្រធានបទមួយដែល Asian Games ផ្ដោតសំខាន់គឺកីឡាដើម្បីទាំងអស់គ្នា មានន័យថា កីឡាសម្រាប់មហាជនគ្រប់ជាតិសាសន៍ មិនប្រកាន់ពណ៌សម្បុរ ភេទ អាយុ ឬនិន្នាការអ្វីឡើយ ជាក់ស្ដែងការរត់កម្សាន្ដនេះបើកឲ្យមហាជនទូទៅចូលរួម ដោយផ្ដោតលើគុណតម្លៃនៃកីឡាអូឡាំពិក មិនផ្ដោតលើការចាញ់-ឈ្នះនោះទេគឺផ្ដោតទៅលើការចូលរួម។ ជាថ្មីម្ដងទៀត ក្នុងនាម OCA លោកបានសម្ដែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង NOCC ដែលបានសហការយ៉ាងល្អជាមួយ OCA ដើម្បីរៀបចំនូវកម្មវិធីនេះ ពិសេសមហាសន្និបាតលើកទី៤១ ដែលមានលក្ខណៈល្អឥតខ្ចោះ ទាំងការទទួលបដិសណ្ឋារកិច្ច និងការស្នាក់នៅ-ហូបចុកជាដើម។
លោកបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំកម្មវិធីទាំងអស់នេះ គឺជាឱកាសកម្ពុជាបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ហើយក៏ជាភាពល្អទៅកាន់ដៃគូជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ ដោយឡែកឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការរៀបចំកម្មវិធីរត់កម្សាន្ដនេះ ហើយឯកឧត្ដមបានចាត់ទុកវេទិការនេះ គឺជាឱកាសហ្វឹកហាត់ និងជាបទពិសោធន៍ដ៏ល្អ ពោលគឺជាបទពិសោធន៍ផ្ទាល់ដែលត្រូវរៀនសូត្រ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មានន័យថា ជាឱកាសដើម្បីហ្វឹកហាត់ការងារ ទាំងការងារទំនាក់ទំនង ទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។ សូមបញ្ជាក់ថា មហាសន្និបាត OCA លើកទី៤១ នឹងប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី០៤ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោនាយករដ្ឋមន្ដ្រីនឹងថ្លែងសន្ទរកថាបើក និងសន្ទរកថាគន្លឹះ ដើម្បីស្វាគមន៍ចំពោះឥស្សរជនកីឡា និងថ្នាក់ដឹកនាំចលនាអូឡាំពិកអាស៊ី និងអន្ដរជាតិប្រមាណ ៤០០នាក់មកពីជាង ៥០ប្រទេសលើពិភពលោក ដែលនឹងចូលរួមព្រឹត្តិការណ៍ដ៏ធំនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា