រុស្ស៊ី៖ សំណួរអំពីការបរាជ័យប្រតិបត្តិការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនបន្តកើនឡើង ខណៈទីក្រុង Kyiv បានប្រកាសថា ខ្លួនបានគ្រប់គ្រងទាំងស្រុងលើទីក្រុងសំខាន់ភាគខាងកើត Lyman ក្រោយទាហានក្រុង Moscow បានដកចេញ។

នេះជាការមានប្រៀបខ្លាំងបំផុតក្នុងសមរភូមិសង្គ្រាមរបស់ទីក្រុង Kyiv ក្នុងពេលប៉ុន្មានសប្ដាហ៍នេះ ជាការបើកផ្លូវឲ្យមានការវាយប្រហារកើនឡើងយ៉ាងខ្លាំងក្លារុលចូលភាគខាងកើត ខណៈសម្ពាធចេះតែកើនឡើងលើវិមានក្រឹមឡាំង។ លោកប្រធានាធិបតី Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់លោកបានដណ្ដើមទីក្រុង Lyman មកវិញក្រោយការឡោមព័ទ្ធមួយថ្ងៃ។ លោកបាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា គិតត្រឹមម៉ោង ១២:៣០ថ្ងៃត្រង់ ទីក្រុងLyman ត្រូវបានបោសសម្អាតទាំងស្រុង។ អរគុណដល់កងជីវពលរបស់យើងទាំងអស់គ្នា និងអរគុណដល់ក្រុមអ្នកចម្បាំងរបស់យើង។
យោធារុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើទីក្រុង Lyman ទេកាលពីថ្ងៃអាទិត្យ ក្រោយប្រកាសកាលពីមួយថ្ងៃមុនពីការដកកងកម្លាំងរបស់ខ្លួនចេញពីទីនោះ ចូលទៅកាន់ទីតាំងសំខាន់ៗបន្ថែមទៀត។ ការបាត់បង់ទីក្រុង Lyman គឺជាការបរាជ័យដ៏ធំចំពោះកងកម្លាំងរុស្ស៊ី ដែលធ្លាប់បានប្រើប្រាស់ទីក្រុងនេះជាច្រើនខែមកនេះ ជាទីតាំងភស្តុភារ និងការធ្វើដំណើរដ៏សំខាន់នៅក្នុងតំបន់ Donetsk ដើម្បីដឹកជញ្ជូនយុទ្ធោបករណ៍ កងទ័ព និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត៕
អត្ថបទ៖ សុខមាន