អាមេរិក៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងជំរុញដល់បណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុបឲ្យប្រមូលថវិកាប្រមាណ ១.៥ពាន់លានដុល្លារអាមេរិកដែលត្រូវផ្ដល់ឲ្យអ៊ុយក្រែនរៀងរាល់ខែ។

យោងតាមក្រុមមន្ត្រីមិនបញ្ចេញឈ្មោះ រដ្ឋបាលលោក Biden បានដាក់សម្ពាធលើអឺរ៉ុបឲ្យបង្កើនការជួយជ្រោមជ្រែងកាន់តែច្រើនថែមទៀត ដល់ការប្រយុទ្ធរបស់អ៊ុយក្រែនទប់ទល់រុស្ស៊ី។ ប្រភពមួយពីសារព័ត៌មាន Bloomberg បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលបានផ្គត់ផ្គង់ទីក្រុង Kiev នូវកញ្ចប់ជំនួយជាច្រើនស្ទើរតែម្នាក់ឯងបានកំពុងបង្កើនយន្តការទៀងទាត់បន្ថែមទៀត ដែលនឹងទប់ស្កាត់ការដួលរលំសេដ្ឋកិច្ចរបស់អ៊ុយក្រែនដែលត្រូវបានញាំញីដោយសង្គ្រាម។
យោងតាមប្រភពមួយផ្សេងទៀត មន្ត្រីសហភាពអឺរ៉ុបត្រូវបានព្រមានថា សភាអាមេរិកនឹងនិយាយកាន់តែខ្លាំងឡើង ដើម្បីគាំទ្រដល់ការចែករំលែកបន្ទុកកាន់តែច្រើនក្នុងចំណោមសម្ព័ន្ធមិត្ត។ មន្ត្រីម្នាក់ទៀតបានកត់សម្គាល់ថា សហរដ្ឋអាមេរិករំពឹងថា សហភាពអឺរ៉ុបនឹងផ្តល់មូលនិធិដល់អ៊ុយក្រែនដែលស្មើនឹងចំនួន ១.៥ពាន់លានដុល្លារប្រចាំខែ ដែលក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចដើម្បីដាក់លើតុ៕
អត្ថបទ៖ សុខមាន