កំពង់ចាម៖ បណ្តាគ្រូបង្រៀនគ្រប់កម្រិតសិក្សា បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្រាប់គ្រូបង្រៀន និងមន្ត្រីអាទិភាពនានាទៀត ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩នៅក្នុងសហគមន៍ ជាពិសេសនៅក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សនៅខេត្តកំពង់ចាម។
បើតាមបណ្តាលោកគ្រូអ្នកគ្រូ នៅក្នុងទីរួមខេត្តកំពង់ចាម បានថ្លែងប្រាប់BTV នៅថ្ងៃទី០៨ ខែមេសានេះថា ព្រឹត្តិការណ៍កូវីដ ២០កុម្ភៈ បច្ចុប្បន្នបានធ្វើអោយបណ្តាសាលារៀនរដ្ឋ និងឯកជន នៅក្នុងខេត្តកំពង់ចាម បាននិងកំពុងផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់បណ្តាញចម្លងមេរោគកូវីដ-១៩ចូលក្នុងសហគមន៍នេះ។
សម្រាប់ការជំរុញចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅពេលនេះ លោកគ្រូអ្នកគ្រូក្នុងខេត្តកំពង់ចាម រំពឹងថា សាលារៀននឹងឆាប់បានបើកដំណើរឡើងវិញ ហើយការបង្រៀននោះ គឺធ្វើអោយយើងមានសេចក្ដីទំនុកចិត្តមួយបន្ថែមទៀត លើការបន្តពាក់ម៉ាស ឧស្សាហ៍លាងដៃទឹកអាកុលជែល ការរក្សាគន្លង ពោល គឺជាការបង្រៀនតាមបែបថ្មី និងការលើកកំពស់សុខភាពក្នុងវិស័យអប់រំ។
វេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានថ្លែងថា គិតត្រឹមថ្ងៃទី០៧ ខែមេសានេះ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងពីរលើក វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ គឺបានចាក់ជូន មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋបានប្រមាណជាង៨០%នៃចំនួនវ៉ាក់សាំងសរុប ស្នើនឹងមនុស្សសរុបជាង ១៨០០០នាក់។
វេជ្ជបណ្ឌិត គឹម សួរភិរុណ បន្តថា ដោយមានការយកចិត្តទុក ដាក់របស់ប្រមុខរាជរដ្ឋាភិបាល ខេត្តកំពង់ចាម បានទទួលវ៉ាក់សាំង បានជិត ៥ម៉ឺនដូស ក្នុងនោះដំណាក់កាលទី១ ខេត្តបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន១០.៨០០ដូស ដំណាក់កាលទី២ បានទទួលជិត ៤ម៉ឺនដូស ដោយមានទីតាំងចាក់នៅតាមមន្ទីរបង្អែកក្រុងស្រុក និងតាមមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួន២៩ទីតាំង៕អត្ថបទ៖ ស៊ុម សុខជា