បាល់ទាត់៖ អំពើហិង្សាមួយបានផ្ទុះឡើង ក្រោយការប្រកួតបាល់ទាត់មួយនៅប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យមន្ត្រីនគរបាលបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងមានមនុស្សស្លាប់ដល់ទៅ ១២៥នាក់ដោយសាររត់ជាន់គ្នា។

មានការប៉ះទង្គិចរវាងអ្នកគាំទ្រក្រុមពីរជួបគ្នានៅកីឡដ្ឋាន Kanjuruhan នៅទីក្រុង Malang City ភាគខាងកើតខេត្ត Java ដែលបញ្ចប់ទៅដោយ Persebaya Surabaya យកឈ្នះ Arema Malang ៣-២ នៃការប្រកួតក្របខណ្ឌលីគ កំពូលឥណ្ឌូនេស៊ី Indonesian Premier League។ អំពើហិង្សាបានផ្ទុះឡើងភ្លាមៗក្រោយការប្រកួតបានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ ដែលធ្វើឱ្យមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីមន្ត្រីនគរបាលដើម្បីបំបែក ហើយមនុស្សរាប់រយនាក់ព្យាយាមរកផ្លូវរត់ចេញពីកីឡដ្ឋាន ដែលបណ្តាលឱ្យមានការជាន់គ្នាស្លាប់ៗភ្លាមៗនៅនឹងកន្លែងចំនួន ៣៤នាក់។

មនុស្សជាង ៣០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរកីឡដ្ឋាន តែអកុសលក៏មានអ្នកស្លាប់ជាបន្តបន្ទាប់ទៀតអំឡុងពេលដឹកជញ្ជូនទៅមន្ទីរពេទុ្យ និងនៅមន្ទីរពេទ្យសរុប ១២៥នាក់។ បើតាមការឱ្យដឹងពីមន្ត្រីនៅក្នុងតំបន់ថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើនបន្តបន្ទាប់ទៀតលើអ្នករងគ្រោះប្រមាណជា ១៨០នាក់ដែលភាគច្រើនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៕
អត្ថបទ៖នាង សុភាវុធ