បាល់ទាត់៖ យុវជន ហាន់ ទី និង លី សូសៀ ជ្រើសរើសចេញពីក្នុងចំណោមយុវជនជាង ២,៥០០នាក់តាមរយៈកម្មវិធីធ្វើតេស្ដ Pocari Sweat Japan Youth Ream Challenge ដែលរៀបចំដោយក្លិបអង្គរថាយហ្គឺរសហការជាមួយភេសជ្ជៈ Pocari Sweat កាលពីថ្មីៗបានចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនហើយកាលពីរាត្រីថ្ងៃទី០១ ខែតុលាកន្លងទៅ ដោយពួកគេត្រូវហ្វឹកហាត់ជាមួយក្លិប Tokushima Vortis នៃក្របខណ្ឌលីគទី២ ជប៉ុន។
ដំណាលគ្នានឹងការចាកចេញពីមាតុភូមិទៅហ្វឹកហាត់នេះដែរ យុវជនទាំងពីរបានសម្ដែងនូវសេចក្ដីត្រេកអរ និងសប្បាយចិត្តជាខ្លាំងដែលក្ដីស្រម៉ៃរបស់ខ្លួនបានក្លាយជាការពិត ដោយពួកគេបានប្ដេជ្ញានឹងខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានខ្លាំង ទោះបីមានរយៈពេលខ្លីយ៉ាងណា ដើម្បីអភិវឌ្ឍន៍សមត្ថភាពឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពបាល់ទាត់ ពិសេសយកបទពិសោធន៍ទាំងអស់មកជួយក្លិបអង្គរថាយហ្គឺរវិញ។ ជាមួយគ្នាដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លិបអង្គរថាយហ្គឺរដែលបានដឹកនាំយុវជនទាំង ២រូបទៅហ្វឹកហាត់នៅជប៉ុន បានចាត់ទុកនេះគឺជាឱកាសមាសសម្រាប់ពួកគេ ក្នុងការសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ថ្មីៗលើទឹកដីជប៉ុន ដែលជាប្រទេសមួយមានការអភិវឌ្ឍខ្លាំងផ្នែកបាល់ទាត់។ លោកសង្ឃឹមថា ពេលពួកគេត្រឡប់មកវិញនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីបន្ដដុសខាត់សមត្ថភាព និងជួយក្លិបរបស់ខ្លួន។
គួរដឹងថា កម្មវិធី Pocari Sweat Japan Youth Ream Challenge បានធ្វើឡើងកាលពីខែកក្កដា ដោយមានយុវជនអាយុក្រោម ១៥ឆ្នាំជាង ២,៥០០នាក់ចូលរួមមកពី ៣ទីតាំងធំៗគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ មុនចម្រាញ់បានយុវជនឆ្នើម ២រូបដើម្បីចេញទៅហ្វឹកហាត់ជាមួយក្លិប Tokushima Vortis ពេលនេះគឺកីឡាករ ហាន់ ទី និង លី សូសៀ។ ពួកគេនឹងត្រូវចំណាយពេល ២សប្ដាហ៍នៅទីនោះ ដើម្បីយល់ដឹងកាន់តែច្បាស់ពីតិចនិចលេងបាល់ ការហ្វឹកហាត់ របបអាហារ ការថែទាំរាង្គកាយ ក៏ដូចជាទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនជប៉ុនជាដើម។ មិនតែប៉ុណ្ណោះ ពួកគេក៏នឹងទទួលបានឱកាសទស្សនាផ្ទាល់រាល់ការប្រកួតរបស់ក្លិប Tokushima Vortis ដើម្បីសិក្សា និងដកស្រង់បទពិសោធន៍បន្ថែមទៀតផង៕
អត្ថបទ៖ លី ឈុនឡា