ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា យ៉ាងហោចណាស់ប្រមូលបាន ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដែលរយៈពេល៩ខែមកនេះ ការប្រមូលពន្ធសម្រេចបានជាង ៩៥ភាគរយ ស្មើនឹងជាង ៣ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅថ្ងៃទី៣ ខែតុលា សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំណូលពន្ធផ្ទៃក្នុងប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ជាមធ្យម ២៥០លានដុល្លារ ក្នុងមួយខែ ក្នុងរយៈពេល៩ខែឆ្នាំនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋ សិស្សនិសិត្សបញ្ចប់ការសិក្សា និងចំណូលពន្ធចូលថវិកាជាតិ ដែលត្រូវបានប្រើសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានប្រឹងប្រែងទប់នឹងវិបត្តិនានា ដែលបណ្តាលមកពីបញ្ហាសកល ក្នុងនោះមានការគិតគូរលើការចំណាយរបស់រដ្ឋ ខណៈដែលប្រទេសមួយចំនួនបានរងនូវវិបត្តិនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យវិស័យឯកជនបានរីកចម្រើន ដែលជាចំណែកមួយដ៏ធំ នៃការបង់ពន្ធចូលរដ្ឋ ខុសពីទស្សនៈនយោបាយ និងចេតនារបស់បុគ្គលខ្លះ ដែលចង់ឱ្យវិស័យឯកជនធ្លាក់ចុះ ឬអន់ថយ៕ អត្ថបទ៖ វណ្ណៈ
