កំពង់ចាម៖ បច្ចុប្បន្ន ពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានជីវភាពធូរធារជាងមុនក្រោយ ពេលក្នុងមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកឧញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះឃុំទងត្រឡាច ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែតុលា នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងឃុំទងត្រឡាច។
លោកឧញ៉ា បានមានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ក្រុមការងារ បានចូលរួមជាមួយអាជ្ញាធរ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវចាក់បេតុងជាច្រើនខ្សែ ដាក់ ភ្លើងសូឡាតាមផ្លូវ សាងសង់អគារសិក្សា និងវត្តអារាមជាដើម។ តទៅមុខទៀត ក្រុមការងារ នឹងបន្តអភិ វឌ្ឍក្នុងមូលដ្ឋាននេះបន្ថែមទៀត ។
ប្រជាពលរដ្ឋ បាននិយាយថា បច្ចុប្បន្ន ក្នុងមូលដ្ឋានពិតជាមានការអភិវឌ្ឍ មានផ្លូវល្អ មានសាលារៀន មន្ទីរពេទ្យ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឆាប់រហ័ស ។ល។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី ចាប់តាំងពីប្រទេសត្រូវបានរំដោះ ចេញពីសង្គ្រាម រហូតដល់បច្ចុប្បន្ន គឺប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យ និងជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ដោយសារប្រទេសជាតិមានសុខសន្តិភាព ពេញបូរិបូណ៍៕អត្ថបទ៖ ទូច សោភ័ណ