សៀមរាប៖ មន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងធ្វើកំណាយ និងសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធត្រពាំងសេស ដោយគ្រោងស្ដារនិងកែលំអឡើងវិញ ដើម្បីជាការទាក់ទាញអ្នកទេសចរណ៍ ជាពិសេសលើកតម្លៃត្រពាំងបុរាណមួយនេះ។ ការធ្វើកំណាយនេះ មានរយៈពេល២ខែ ហើយចប់កំណាយនឹងចាប់ផ្ដើមកែលំអត្រពាំងនេះឡើងវិញ។ ត្រពាំងបុរាណនេះ ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
លោក ធឿន សុខុន មន្ត្រីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឲ្យដឹងនៅថ្ងៃទី០៨ មេសាថា ក្រុមការងារកំណាយរបស់លោកបានរកឃើញសណ្ឋាននៃទំនប់ត្រពាំងសេស ដូចជាមានស្រទាប់ច្រើនថ្នាក់ដែលរៀបចំក្នុងរចនាសម្ពន្ធរបស់ទំនប់។
ក្រុមការងាររបស់លោកបានបើករណ្ដៅកំណាយចំនួន១១ទីតាំង និងបានប្រទះឃើញកុលាលភាជន៍មួយចំនួន ក៏ដូចជាបានឃើញនូវរចនាសម្ពន្ធទំនប់ជុំវិញត្រពាំងកាន់តែច្បាស់។
លោករៀបរាប់ថា ទំនប់នេះត្រូវបានគេលើ កដីព័ទ្ធជុំវិញ បន្ទាប់មកយកដីឥដ្ឋចេញ រួចចាក់ដីខ្សាច់លាយគ្រួសបាយក្រៀម បន្ទាប់មកប្រើដីឥដ្ឋជាស្នួលដើម្បីឲ្យទំនប់នៅយូរអង្វែង ហើយក្រោយមកទៀតប្រើខ្សាច់មួយស្រទាប់ និងបុកបង្ហាប់ដោយប្រើកម្ទេចថ្មបាយកក្រៀមលាយដីឥដ្ឋ។ ត្រពាំងបុរាណនេះ បានចាប់ផ្តើមប្រែរូបរាងបន្ដិចៗម្ដង ក្រោយពេលដែលអាជ្ញាធរជាតិអប្សរា សម្របសម្រួលឲ្យមានការផ្លាស់ទីតូបលក់ដូរ ចេញពីបរិវេណត្រពាំងនេះ នៅចុងឆ្នាំ២០២០។ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ និងកែលម្អត្រពាំងសេសកំពុងដំណើរការ ហើយអ្នកបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីលទ្ធភាពបន្ថែមទៀតក្នុងការស្ដារ និងលើ កតម្លៃត្រពាំងបុរាណនេះឡើងវិញ។
លោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានគម្រោងស្ដារត្រពាំងសេ សឡើងវិញ ក្រោយពេលធ្វើកំណាយរួចរាល់ ដើម្បីស្ដុកទឹកបានច្រើនជាងពេលមុន ទុកជាប្រយោជន៍ទាំងការងារអភិរក្សប្រាសាទ និងប្រយោជន៍ប្រជាពលរដ្ឋជុំវិញតំបន់។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានឱ្យដឹងដែរថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំដាំស្មៅ និងដើមឈើជាបណ្ដើរៗជុំវិញត្រពាំងសេសនេះ ដែលតាមគម្រោងគឺរៀបចំលើផ្ទៃដីសរុបជាង៣ម៉ឺនម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ ការងារបានដំណើរការបានប្រមាណ៤០ភាគរយហើយ។ លោកបន្ថែមថា បរិវេណត្រពាំងសេសជាបុរាណដ្ឋាន ដែលត្រូវធ្វើកំណាយសិក្សាជាមុន ទើបអាចរៀបចំអ្វីផ្សេងៗបាន ដូច្នេះក្រុមការងាររបស់លោកនឹងពន្លឿនការងាររៀបចំសួន ក្រោយពេលក្រុមបុរាណវិទូសិក្សារួច។ត្រពាំងសេសនេះ មានប្រវែងបណ្ដោយមាត់ត្រពាំង២២០ម និងទទឹង១៤០ម។ ដោយឡែកការស្ដារឡើងវិញ នេះមានជំរៅមួយម៉ែត្រកន្លះ៕ អត្ថបទ៖ ឈិត សាវី