រុស្ស៊ី៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យបានទទួលស្គាល់ ការដាក់បញ្ចូលតំបន់របស់អ៊ុយក្រែនចំនួន៤ ក្នុងរដ្ឋធម្មនុញ្ញ។
ប្រធានតុលាការធម្មនុញ្ញរុស្ស៊ីលោក Valery Zorkin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ថ្ងៃនេះតុលាការធម្មនុញ្ញបានអនុម័តសេចក្តីសម្រេចចំនួន៤ ដែលបានអនុម័តលើកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់សហព័ន្ធរុស្ស៊ី ជាមួយសាធារណរដ្ឋចំនួនពីរគឺ Donetsk និង Luhansk ព្រមទាំងតំបន់ Kherson និង Zaporizhzhia។ សភាជាន់ទាបរបស់សភារុស្ស៊ីត្រូវបានគេរំពឹងថា នឹងពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់បញ្ចូលតំបន់ទាំង៤ នៅថ្ងៃចន្ទនេះ។ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីដែលជាសភាជាន់ខ្ពស់បាននិយាយថា ស្ថាប័ននេះទំនងជានឹងបោះឆ្នោតលើច្បាប់ដាក់បញ្ចូលនៅថ្ងៃអង្គារ។ ជាមួយគ្នានេះទាហានកេណ្ឌថ្មីបានចាប់ផ្តើមហ្វឹកហាត់ នៅតំបន់រៀនបាញ់កាំភ្លើងរបស់យោធាផ្សេងៗគ្នា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកេណ្ឌទាហានបម្រុងមួយផ្នែកកាលពីសប្តាហ៍មុន។
ទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញទាហានបម្រុងបាញ់កាំភ្លើង Giatsint-B 152មីល្លីម៉ែត្រនៅមូលដ្ឋានយោធាក្នុងតំបន់ Kaliningrad និងបើករថក្រោះ T90M នៅតំបន់គ្រីមៀ។ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមានផែនការកេណ្ឌមនុស្សចំនួន ៣សែននាក់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ចំនួននេះអាចកើនឡើងដល់ ១,២លាននាក់ ជាការអះអាងដែលមន្ត្រីរុស្ស៊ីបានបដិសេធ។ ក្រសួងការពារជាតិរុស្ស៊ីបានសន្យា ចំពោះតែទាហានបម្រុងដែលមានបទពិសោធន៍ប្រយុទ្ធ ឬការងារពាក់ព័ន្ធតែប៉ុណ្ណោះ ប៉ុន្តែយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន និងក្រុមអ្នកស៊ូមតិសិទ្ធិមនុស្សបាននិយាយថា ក្រុមបុរសដែលមិនពេញលក្ខណៈវិនិច្ឆ័យក៏កំពុងត្រូវបានកេណ្ឌផងដែរ៕
អត្ថបទ៖ ប៊ុនថន