ភ្នំពេញ៖ វិស័យទេសចរណ៍ នៅកម្ពុជា សម្រាប់ឆ្នាំ ២០២២នេះ គឺមានការងើបឡើងវិញគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងតាមទិន្នន័យ ក្នុងខែ៩ដំបូងនេះ គឺកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.២៥លាននាក់។ ចំនួននេះគិតជាកំណើន គឺកកើនចំនួន ៨៥០ ភាគរយ បើធៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ២០២១។
ការងើបឡើងវិញនៃ វិស័យទេសចរណ៍នៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ កំពុងមានការងើបឡើងវិញល្អប្រសើរ ទោះបច្ចុប្បន្នវិបត្តិកូវីដក្នុងពិភពលោកនៅតែបន្តមាន និងមានការកើនឡើងនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយជាបន្តបន្ទាប់។
នេះជាការលើកឡើងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសប្រារព្ធធ្វើទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីវិស័យទេសចរណ៍”ដែលរៀបចំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ។
ឯកឧត្តម រដ្ឋមន្ត្រីបន្តថា ជាក់ស្តែង រយៈពេល ៩ ខែដំបូង ឆ្នាំ២០២២ នេះ មានទេសចរអន្តរជាតិមកទស្សនាកម្ពុជា ប្រមាណ១,២៥ លាននាក់ កើនឡើង ៨៥០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ ដោយឡែក ទេសចរផ្ទៃក្នុងសម្រាប់រយៈពេល ៨ ខែដើមឆ្នាំ មានរហូតដល់ ៨.៥លាននាក់ កើនឡើង ២៤៥% ក្នុងនោះ ទេសចរជាតិ មានប្រមាណ៧.៦លាននាក់ និង ទេសចរបរទេសផ្ទៃក្នុង ប្រមាណ ៨៧ម៉ឺននាក់ កើន ២៥៣%។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា លោក Harry Wang ហារីវ៉ាង នាយកប្រចាំតំបន់អាស៊ីប៉ាហ្វិកនៃអង្គការទេសចរណ៍ពិភពលោក UNWTO ក៏បានកោតសសើរ និងមើលឃើញពីភាពវិជ្ជមានចំពោះកិច្ចខំប្រឹងប្រែងស្ដារវិស័យទេសចរឡើងវិញរបស់កម្ពុជាផងដែរ។
ចំពោះការជួយឱ្យវិស័យទេសចរណ៍នកម្ពុជា ដំណើរការឡើងវិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការជាច្រើន។ ក្នុងនោះ ក៏មានការអនុម័តនូវសាច់ប្រាក់ចំនួន ១៥០លានដុល្លារ ជាប្រាក់កម្ចីក្នុងអាត្រាការប្រាក់ពិសេស សម្រាប់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍រៀបចំអាជីវកម្មរបស់ខ្លួនឡើងវិញ។
លើសពីនេះ រដ្ឋាភិបាល ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប ភ្នំពេញ កំពង់ផែទេសចរណ៍ខេត្តកំពត ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជួយទ្រទ្រង់កំណើនទេសចរណ៍ នៅថ្ងៃអនាគត៕ អត្ថបទ៖ គឹមហុក