មណ្ឌលគិរី៖ អាជ្ញាធរខេត្ត បានចុះត្រួតពិនិត្យ និងដាក់កម្លាំងសមត្ថកិច្ចតាមគោលដៅសំខាន់ៗចំនួន២ នៅស្រុកកោះញែក និងស្រុកកែវសីមា ដើម្បីហាមឃាត់ប្រជាពលរដ្ឋចល័តពីខេត្តមួយទៅខេត្តមួយផ្សេងទៀត ក្រោយមានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺcovid19។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តមួយទៅខេត្តមួយជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃគិតចាប់ពីម៉ោង០០ថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ covid 19 ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាសន៍នៅខេត្តមួយទៀត។
ឯកឧត្ដមបន្តថា ក្នុងករណីនៃបម្រាមនេះក៏បានបិទនូវទីតាំងរមណីយដ្ឋានទាំងអស់ក្នុងខេត្តផងដែរ ប៉ុន្តែ ចំពោះអាហារដ្ឋាននិងភោជនីយដ្ឋាន មិនតម្រូវឱ្យបិទទាំងស្រុងនោះទេ ប៉ុន្តែ ត្រូវបង្កើននូវវិធានការការពារ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ឯកឧត្ដមបញ្ជាក់ថា ថ្វីត្បិតតែនៅខេត្តនេះមិនទាន់មានករណីវិជ្ជមាន covid-19 ក៏ពិតមែន ប៉ុន្តែអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធជាពិសេសមន្ត្រីជំនាញសុខាភិបាល បានយកចិត្តទុកដាក់រឹតបន្តឹង វិធានការសុខាភិបាលជាប់ជាប្រចាំ។
ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីកងកម្លាំងដែលប្រចាំការ នៅតាមគោលដៅសំខាន់ចំនួនពីរដែលជាច្រកចេញចូលក្នុងខេត្តមណ្ឌលគិរីក្នុងនោះរួមមាន ច្រកព្រំប្រទល់ខេត្តរតនគិរី ស្ថិតក្នុងស្រុកកោះញែក ច្រកព្រំប្រទល់ជាប់ខេត្តក្រចេះស្រុកកែវសីមា អាជ្ញាធរខេត្តបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ដល់កងកម្លាំងដែលប្រចាំការនៅទីនោះ ដើម្បីឃ្លាំមើលអំពីការចរាចរណ៍របស់ប្រជាពលរដ្ឋនិងការហាមឃាត់នូវករណីសង្ស័យដើម្បីយកអ្នកដំណើរទៅធ្វើចត្តាឡីស័ក៕ អត្ថបទ៖ អ៊ិត ភីរុន