ស្ប៉េស្យាល់៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា កាលពីថ្ងៃទី០៣ ខែតុលាម្សិលមិញបានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២២ និងកម្មវិធីអប់រំសុខភាពអាណាព្យបាលនៅទីលាន T Soccer ដោយមានអាណាព្យាបាល និងកីឡាករ-កីឡាការិនីជនពិការខ្សោយសតិបញ្ញាជាង ២០០នាក់ចូលរួម។
ការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ហើយឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំបញ្ជូនកីឡាករ-កីឡាការិនីមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រកួតនេះឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសការលើកកម្ពស់ដល់ជនពិការ និងក្រុមគ្រួសារទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឲ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទៀតផង ពិសេសសកម្មភាពកីឡាផ្ទាល់តែម្ដង។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ការរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងកម្មវិធីអប់រំសុខភាពអាណាព្យបាលប្រចាំឆ្នាំ២០២២ នេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី មកពីគ្រប់រាជធានី-ខេត្តបានជួបជុំគ្នា លេងកីឡា ដើម្បីចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយរវាងកីឡាករ កីឡាការិនីខ្សោយបញ្ញា ជាពិសេសក៏មានលោកវេជ្ជបណ្ឌិតចូលរួមធ្វើការណែនាំអប់រំពីរបៀបតំហែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃរបស់អាណាព្យាបាល និងកីឡាករ-កីឡាការិនីខ្សោយបញ្ញាទាំងអស់ផងដែរ។
ចំពោះការប្រកួតរយៈពេល ១ថ្ងៃនេះគឺមានកីឡាករ-កីឡាការិនីស្ប៉េស្យាល់ និងអាណាព្យាបាលចូលរួមសរុប ២១៩នាក់មកពី ១៥រាជធានី-ខេត្តដែលធ្វើការប្រកួតលើ ៣ប្រភេទកីឡារួមមានកីឡាអត្តពលកម្ម ៣វិញ្ញាសា, កីឡាបាល់ទាត់ ៥នាក់ម្ខាង និងកីឡាប៉ូលមាន ២វិញ្ញាសាគឺ ១នាក់ទល់ ១នាក់ និង ២នាក់ទល់ ២នាក់។ លោក ឃ្លាំង ចន្ធូ បន្ថែមថា ការប្រកួតនេះមិនមែនដើម្បីជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ការរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន ពិសេសតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធជនពិការ ក្នុងនោះវិស័យកីឡាជនពិការក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជំរុញលើកស្ទួយឥតឈប់ឈរផងដែរ៕
អត្ថបទ៖ លី ឈុនឡា