កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក ១គ្រាប់រំលងប្រទេសជប៉ុន ដែលជាការបាញ់លើកទី៥ ក្នុងរយៈពេល ១០ថ្ងៃ ស្របពេលមានការរំពឹងទុកថា ប្រទេសនេះកំពុងត្រៀមបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។
មីស៊ីលដែលត្រូវបានតាមដានដោយឆ្មាំសមុទ្រជប៉ុន និងនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានជំរុញឲ្យចេញស៊ីរ៉ែនព្រមាននៅក្នុងប្រទេសជប៉ុនភាគខាងជើង ដោយណែនាំឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ។ សេវារថភ្លើងសាធារណៈនៅក្នុងកោះ Hokkaido ភាគឦសាន និងតំបន់ Aomori ត្រូវបានផ្អាកបណ្ដោះអាសន្ន។ សារព័ត៌មាន Yonhap បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានថ្កោលទោសនូវអ្វីដែលលោកបានហៅថា ជាទង្វើសាហាវឃោរឃៅ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានព្រមានពីការឆ្លើយតបប្រកបដោយការតាំងចិត្តខ្ពស់ ក្រោយការបាញ់សាកល្បងនេះ។
មេដឹកនាំទាំង២ បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាការឆ្លើយតបទៅនឹងការបាញ់នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ជប៉ុន NHK បាននិយាយថា មីស៊ីលនេះបានហោះចម្ងាយ ៤,០០០គីឡូម៉ែត្រ ឡើងដល់រយៈកម្ពស់ ១,០០០គីឡូម៉ែត្រ មុនធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយហោះឡើងលើអាកាសរយៈពេល ២២នាទី។ មីស៊ីលនេះត្រូវបានបាញ់ចេញពីភាគខាងជើងជិតព្រំដែនជាប់ជាមួយប្រទេសចិន៕
អត្ថបទ៖ សុខមាន