ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ខណៈវិស័យកីឡានៅក្នុងទ្វីបអាស៊ីកំពុងទន់ខ្សោយហើយនោះ ហេតុអ្វីក្រមសីលធម៌ នៃការគ្រប់គ្រងកីឡាមានភាពទន់ខ្សោយបន្ថែមទៀត? ជាក់ស្តែងដូចហេតុការណ៍ដែលបានកើតឡើងនៅក្នុងការប្រកួតបាលទាត់មួយ នៅប្រទេសឥណ្ឌូនេស៊ី កាលពីកន្លងទៅថ្មីៗនេះយ៉ាងដូច្នេះដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយខ្វះក្រមសីលធម៌ បានណ្តាលឲ្យមានសោកនាដកម្ម ប្រើហិង្សា និងរត់ជាន់គ្នាដោយបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់។
ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការងឿងឆ្ងល់ចំពោះវិស័យកីឡានៅតំបន់ស៊ីមានភាពទន់ខ្សោយជាងទ្វីបអាមេរិកឡាទីន និងអឺរ៉ុប ជាពិសេសកីឡាបាលទាត់តែម្តង ខណៈប្រជាជននៅតំបន់អាស៊ីមានច្រើនជាងតំបន់អឺរ៉ុបទៅទៀត។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ខណៈវិស័យកីឡានៅតំបន់អាស៊ីយើងទាំងមូលមានភាពទន់ខ្សោយហើយនោះ ហេតុអ្វីក្រុមសីលធម៌ នៃការគ្រប់គ្រងកីឡាវាមាន ភាពទន់ខ្សោយដែរ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់គប្បីពង្រឹង នូវក្រមសីលធម៌នៃការគ្រប់គ្រងកីឡានេះឲ្យល្អ ដោយជៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាដាក់គ្នា៕(ដោយ៖ បាន ចក់)





