ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវឱ្យកងកម្លាំងនគរបាល ទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលចូលដល់ ក្នុងសហគមន៍នៃប្រទេសកម្ពុជា។
នៅព្រឹកថ្ងៃទី០៨ ខែមេសា នេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ តំណាងឱ្យនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៧០១ និងប្រគល់ជូននូវអគារមួយខ្នង សាលប្រជុំមួយ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
នាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ បានលើកឡើងថា បច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងប្រឈមនឹង បញ្ហាជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលចូលក្នុងសហគមន៍ ដូចនេះកងកម្លាំងទាំងអស់ ត្រូវចូលរួម អនុវត្តតាមវិធានណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
នាយឧត្ដមសេនីយ៍ បានពាំនាំការនូវផ្ដាំផ្ញើរសួរសុខទុក្ខពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់កងកម្លាំង ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង និងបានជំរុញឱ្យយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ច ការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ ពិសេសការពារទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសឆ្លងដែននានា។
អំណោយរបស់នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ កងកម្លាំងនគរបាលការពារព្រំដែនគោក លេខ៧០១ មានដូចជា អគារទីបញ្ជាកាវរសេនាតូច លេខ៧០១ មួយខ្នង៥បន្ទប់ សាលប្រជុំមួយ ថវិកា អង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារសម្រាប់ប្រើប្រាស់បង្ការទប់ ស្កាត់ការឆ្លងកូវីដ-១៩ផងដែរ៕ អត្ថបទ៖ មាស ផល្លា
