បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅដំណាច់រដូវកាល ២០២២ នៃក្របខណ្ឌអាមេរិក Major League Soccer ជាមួយក្លិប Inter Miami។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានផ្លាស់មកកាន់ Inter Miami កាលពីឆ្នាំ២០២០ និងសង្ឃឹមថាអាចជួយក្រុមឡើងដល់វគ្គ Play-Off ក្នុងរដូវកាលចុងក្រោយនៃអាជីពរបស់ខ្លួន។

Higuain ធ្លាប់ប្រកបអាជីពជាមួយក្លិបធំៗជាច្រើននៅអឺរ៉ុបដូចជា Real Madrid, Napoli និង Juventus ក៏ដូចជាធ្លាប់ចំណាយពេលខ្ចីជើងនៅ AC Milan និង Chelsea ផងដែរ។ Gonzalo Higuain បានប្រកាសពីគំរោងចូលនិវត្តន៍របស់ខ្លួនទាំងទឹកភ្នែក អំឡុងសន្និសីទសារព័ត៌មានមួយជាមួយ Inter Miami ដោយនិយាយថា វាដល់ពេលដែលត្រូវនិយាយពាក្យលាពីអាជីពមួយនេះហើយ រឿងអាក្រក់ រឿងល្អ បានកើតឡើងក្នុងរយៈពេលកន្លងមកដែលធ្វើឱ្យគេមិនអាចបំភ្លេចបាន និងអរគុណអ្នករាល់គ្នាសម្រាប់ការគាំទ្រ។
សូមបញ្ជាក់ថា Gonzalo Higuain បានបង្ហាញខ្លួនសរុប ៧៥លើកឱ្យក្រុមជំរើសជាតិអាហ្សង់ទីនស៊ុតបញ្ចូលទីបាន ៣១គ្រាប់ ជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ World Cup 2014 នៅប្រេស៊ីលចាញ់អាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រ និងឡើងវគ្គ ផ្តាច់ព្រ័ត្រ Copa America នៅឆ្នាំ២០១៥។ ជាមួយក្លិបអាជីព Higuain ស៊ុតបញ្ចូលទីសរុប ៣៣៣គ្រាប់ ១១៣បាល់ បញ្ជូនក្នុងការបង្ហាញខ្លួនសរុប ៧០៧ប្រកួត ដោយក្នុងចំណោម ៣៣៣គ្រាប់នោះមាន ១២១គ្រាប់ជាមួយ Real Madrid នៃការបង្ហាញខ្លួន ២៦៤ប្រកួត៕
អត្ថបទ៖នាង សុភាវុធ