បាល់ទាត់៖ ក្រុមជើងឯកឆ្នាំ២០១៥ Leicester City ទីបំផុតបានស្គាល់រសជាតិឈ្នះលើកដំបូងក្នុងរដូវកាលនេះនៅក្របខណ្ឌ English Premier League ក្រោយជ័យជំនះ ៤-០ លើក្រុមភ្ញៀវ Nottingham Forest យប់មិញ។ ខ្សែបម្រើកណ្តាលអង់គ្លេស James Maddison ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯង ដែលក្នុងមួយនោះមានមួយគ្រាប់ជាបាល់ Freekick ខណៈពីរគ្រាប់ទៀតសំរេចបានដោយ Harvey Barnes និង Patson Daka។

នេះជាជ័យជំនះក្នុងទឹកដីធំបំផុតសម្រាប់ Leicester City រាប់តាំងពីខែធ្នូ ឆ្នាំ២០២១។ ជ័យជំនះនេះធ្វើឱ្យ Leicester City ឡើងផុតពីបាតតារាងលេខ២០ មកលេខ១៩ ទំលាក់ Nottingham Forest ទៅលេខ២០ វិញតែក្រុមទាំងពីរមាន ៤ពិន្ទុដូចគ្នា។ បរាជ័យនេះដែរក៏បានដាក់សំពាធកាន់តែខ្លាំងដល់អ្នកចាត់ការ Nottingham Forest លោក Steve Cooper។ Nottingham Forest រដូវកាលនេះបានទិញកីឡាករសរុប ២៣នាក់បំបែកកំណត់ត្រាទិញកីឡាករច្រើនបំផុតក្នុងមួយរដូវកាលនៅ Premier League ខណៈនេះជាការបង្ហាញខ្លួននៅក្របខណ្ឌកំពូលលើកដំបូងក្នុងរយៈពេល ២៣ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ