អាមេរិក៖ កញ្ចប់ជំនួយសន្តិសុខបន្ទាប់របស់រដ្ឋបាលលោក Joe Biden សម្រាប់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតសមត្ថភាពខ្ពស់ (HIMARS) ចំនួន ៤គ្រឿង, គ្រាប់រំសេវ, គ្រាប់មីន និងរថយន្តប្រឆាំងគ្រាប់មីន ជាកញ្ចប់ថវិកាជំនួយចំនួន ៦២៥លានដុល្លារអាមេរិក។
កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ ដែលជាកញ្ចប់ជំនួយដំបូងចាប់តាំងពីរុស្ស៊ីប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធទឹកដីរបស់អ៊ុយក្រែន។ ការប្រកាសដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ីបានធ្វើតាមអ្វីដែលខ្លួនចាត់ទុកថា ជាការបោះឆ្នោតប្រជាមតិក្នុងតំបន់របស់អ៊ុយក្រែន ដែលរុស្ស៊ីបានចូលកាន់កាប់។ រដ្ឋាភិបាលប្រទេសលោកខាងលិច និងទីក្រុង Kyiv បាននិយាយថា ការបោះឆ្នោតនេះបានបំពានច្បាប់អន្តរជាតិ ហើយជាការបង្ខិតបង្ខំ។
ប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ទាំង ៤គ្រឿង និងគ្រាប់រ៉ុក្កែតដែលពាក់ព័ន្ធ យានយន្តប្រឆាំងគ្រាប់មីនចំនួន ២០០គ្រឿង, គ្រាប់កាំភ្លើងសម្រាប់កាំភ្លើងធំ និងគ្រាប់មីនអាចបញ្ជូនទៅឲ្យអ៊ុយក្រែននៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះគឺជាកញ្ចប់ជំនួយដំបូងនៃឆ្នាំសារពើពន្ធឆ្នាំ២០២៣ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសព្វាវុធចំនួន ១.១ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលរួមមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ចំនួន ១៨គ្រឿងរួមជាមួយគ្រាប់រំសេវ យានដ្រូន និងប្រព័ន្ធរ៉ាដា៕
អត្ថបទ៖ ប៊ុនថន