ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនជាង១០ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២២ មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកម្ពុជាជាបណ្តើរៗហើយ និងបានរុញច្រានឱ្យចំនួនជើងហោះហើរកម្ពុជា ក្នុងរយៈពេល៩ខែមានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។
បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់BTV នៅថ្ងៃទី៤ ខែតុលានេះថា ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់ទៅមកពីបណ្តាខេត្តចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា បានចំនួន៣០ជើងក្នុងមួយសប្តាហ៍ ហើយការមានជើងហោះហើរត្រង់កម្ពុជាចិននេះ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិន កំពុងបន្ធូរបន្ថយលក្ខខ័ណ្ឌរឹត បន្តឹងគោលនយោបាយ Zero Covidនៅក្នុងប្រទេសចិន។
ឯកឧត្តម ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ចំនួនជើងហោះហើរសរុបមានកំណើនប្រមាណ ៣៣%នៃចំនួនជើងហោះហើរសរុប ១០ម៉ឺន៤៧៧០ជើងក្នុងឆ្នាំ២០១៩នោះ ក្នុងនោះ អ្នកដំណើរអន្តរជាតិមកកម្ពុជា នឹងមានកំណើន២៦%បន្ថែមទៀត ហើយក្រៅពីនេះជាចំនួនជើងហោះហើរយន្តហោះដឹកទំនិញ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃស្អែកនេះ នឹងចេញផ្សាយតួលេខផ្លូវការនៃអ្នកដំណើរអន្តរជាតិមកកម្ពុជាសរុប ប៉ុន្តែបើតាមតួលេខដែលក្រសួងទេសចរណ៍ប្រមូលបានមកពីតាមបណ្តាច្រកទា្វរអន្តរជាតិផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចំនួន២៦ច្រកទ្វារអន្តរជាតិ បានឲ្យដឹងជាបណ្តោះអាសន្នថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២២ ទូទាំងប្រទេសទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិផ្លូវគោកមានចំនួនច្រើនជាងគេ៕ អត្ថបទ ស៊ុម សុខជា



