បាល់ទាត់៖ ខ្សែការពារ Liverpool, Ibrahima Konate បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញហើយ ក្រោយសម្រាករយៈពេល ២ខែដោយសាររបួសសាច់ដុំ ស្របពេល Liverpool នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវស្កុតឡេន Glasgow Rangers យប់នេះក្របខណ្ឌ UEFA Champions League។

Konate បានរងរបួសនេះតាំងពីការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីមកដល់ ពេលជួបជាមួយក្លិបបារាំង Strasbourg កាលពីចុងខែកក្កដា និងបានអវត្តមានពីការប្រកួតផ្លូវការទាំងស្រុងតាំងពីពេលនោះមក។ កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវបាន Liverpool ទិញមកក្នុងតម្លៃ ៣៦លានផោនពី Leipzig កាលពីរដូវកាលមុន។ ការវិលត្រលប់មកវិញរបស់ Konate ក៏បានធ្វើឱ្យលោក Jurgen Klopp ធូរស្បើយអារម្មណ៍បន្តិចដែរ តែកីឡាករផ្សេងទៀតរួមមាន Alex Oxlade-Chamberlain និង Naby Keita នៅតែមិនទាន់ជាពីរបួសភ្លៅនៅឡើយ ស្របពេលដែលខ្សែការពារ Andy Robertson មានរបួសពេលលេងឱ្យស្កុតឡេន។
Liverpool មាន ៣ពិន្ទុពីការប្រកួត ២លើករបស់ខ្លួននៅ UCL ក្នុងពូល A នេះដោយចាញ់ Napoli និងឈ្នះ Ajax ខណៈ Rangers ក្រោមគេចាញ់ទាំងពីរប្រកួត។ មួយគូទៀតក្នុងពូល A នេះ Ajax ទទួលក្រុមលេខ១ ក្នុងពូល Napoli៕
អត្ថបទ៖នាង សុភាវុធ