បាល់ទាត់៖ កីឡាករ Miguel Ángel Junco Martínez ហៅ Mika និងមិត្តរួមក្រុម Jean Marie Privat Befolo Mbarga ខ្សែប្រយុទ្ធជួរមុខក្លិបព្រះខ័នរាជស្វាយរៀង បានក្រសោបកៅអីកំពូលតារាង ២ផ្សេងគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជាសប្ដាហ៍ទី៥ ខណៈក្រុមខ្លួនទើបប្រកួតបាន ៣ប្រកួតប៉ុណ្ណោះ។

ចំពោះខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Mika បានឈរកំពូលតារាងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ Top-Scorers ជាបណ្ដោះអាសន្នដោយរកបាន ៦គ្រាប់ក្នុងចំណោម ៣ប្រកួត ពោលគឺក្នុង ១ប្រកួតគេរកបាន ២គ្រាប់។ លើសពីនេះ Mika ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទី ឬ Assist បានម្ដងផងដែរ។ ក្នុងតារាង Top-Scorers នេះដែរ ក្រៅពី Mika គេក៏ចាប់អារម្មណ៍ខ្លាំងចំពោះខ្សែប្រយុទ្ធក្លិបអាស៊ីអឺរ៉ុប Abee Ndjoo Hurbert ផងដែរ ដែលតែងរកបានគ្រាប់បាល់ស្ទើគ្រប់ការប្រកួត ខណៈបច្ចុប្បន្នកីឡាករសញ្ជាតិកាមេរ៉ូនរូបនេះ កំពុងឈរលេខរៀងទី២ បន្ទាប់ពីកីឡាករ Mika ក្រោយលេងបាន ៤ប្រកួត និងរកបាន ៥គ្រាប់។ ចំណែកខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន បានកំពូលតារាងកីឡាករបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានច្រើនជាងគេ ឬ Assist ច្រើនជាងគេដោយ ៣ប្រកួតគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទី ៥លើក ក្នុងនោះ ៤លើកគេបានបញ្ជូនឲ្យ Mika។ លើសពីនេះ Privat ស៊ុតបញ្ចូលទីគូប្រកួតបាន ៣គ្រាប់ផងដែរ។
ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ បន្ទាប់ពីលីគចាប់ផ្ដើមបាន ៥សប្ដាហ៍កន្លងមក គេបានសម្លឹងឃើញកីឡាករ ២រូបដែលកំពុងលេចធ្លោរខ្លាំងនៅតំបន់ប្រយុទ្ធ គឺកីឡាករ Mika និង Privat ដែលពួកគេបានក្លាយជាដៃគូដ៏ល្អ ក្នុងការសហការគ្នារកគ្រាប់បាល់ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះ ៣ប្រកួតជាប់គ្នានាពេលកន្លងមក និងទទួលបានការកោតសរសើរពីអ្នកគាំទ្រជាច្រើនទៀតផង៕
អត្ថបទ៖ លី ឈុនឡា