បាល់ទាត់៖ ក្រោយទទួលបានដំណឹងកីឡាករ Booysen Shane មានជំងឺស្ទះសរសៃឈាមកាលពីថ្មីៗ ក្លិបព្រះខ័នរាជស្វាយរៀងក្រោមការផ្ដួចផ្ដើម របស់ប្រធានក្លិបឯកឧត្ដម ឌី វិជ្ជា បានរួមគ្នាជាមូលនិធិបានថវិកាចំនួន ២,៣៨៤ដុល្លារ សម្រាប់ជួយសម្រាលថ្ងៃព្យាបាលរបស់ខ្សែប្រយុទ្ធក្លិបនគរបាលជាតិ និងជាអតីតសមាជិកក្លិបរបស់ខ្លួននេះ។
តាមការបញ្ជាក់លើបណ្ដាញសង្គម របស់ក្លិបជើងឯករងឆ្នាំចាស់នេះបានឲ្យដឹងថា ថវិកាដែលជាអំណោយជួយដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូងនេះ រួមមានថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ចំនួន ១,០០០ដុល្លារ, លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង ៥០០ដុល្លារ ព្រមទាំងកីឡាករ និងបុគ្គលិកក្លិបចំនួន ៨៨៤ដុល្លារ។ ជាមួយសកម្មភាពមនុស្សធម៌ របស់គ្រួសារបាល់ទាត់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានលោក សារ៉េត ស៊ីដន អ្នកចាត់ការទូទៅក្លិបនគរបាលជាតិ ក្នុងនាមតំណាងប្រធានក្លិបឯកឧត្តម ជួន ណារិន្ទ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា រួមទាំងថ្នាក់ដឹកនាំ កីឡាករ និងបុគ្គលិកក្លិបព្រះខ័នរាជស្វាយរៀង ដែលបានជួយឧបត្ថម្ភដល់កីឡាករ Booysen Shane សម្រាប់ជួយសម្រួលដល់ការព្យាបាលរបស់គេ។
ទន្ទឹមជាមួយគ្នាលោកបានបញ្ជាក់ថា មកទល់ពេលនេះស្ថានភាពជំងឺរបស់ Booysen Shane គឺបានល្អប្រសើរច្រើនហើយ ពិសេសដោយមានការតាមដាន និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្ដម ជួន ណារិន្ទ ព្រមទាំងក្រុមវេជ្ជបណ្ឌិត Booysen ត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះហើយ ប៉ុន្តែត្រូវបន្ដតាមដាន និងប្រមូលកម្លាំងយ៉ាងហោច ៣សប្ដាហ៍ទៀត ប្រសិនស្ថានភាពកម្លាំងរបស់ខ្សែប្រយុទ្ធស្នូលរូបនេះធម្មតាវិញ Booysen នឹងអាចត្រទ្បប់មកចូលហ្វឹកហាត់វិញជាធម្មតា។ គួរដឹងថា អតីតសមាជិកក្លិបភ្នំពេញក្រោន ណាហ្គាវើលដ៏ និងព្រះខ័នរាជស្វាយរៀងរូបនេះ មានអាការៈមិនស្រួលខ្លួនតាំងពីយប់ថ្ងៃទី០១-មេសា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ទើបឲ្យស្ថានភាពជំងឺរបស់គេបានប្រសើរឡើងរៀងរាល់ថ្ងៃ រហូតបានចេញទៅផ្ទះវិញ ហើយជាមួយគ្នានោះគ្រួសារបាល់ទាត់ក្លិបនគរបាលជាតិផ្ទាល់ ក៏បានប្រមូលជាមូលនិធិជួយដល់ Booysen Shane ចំនួន ២,៣៦៥ដុល្លារផងដែរ៕
អត្ថបទ៖ លី ឈុនឡា