កោះកុង៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកោះកុង បានដឹកនាំក្រុមការងារចុះទៅសួរសុខទុកស្រ្តីចំនួន១នាក់ ដែលសម្រាលកូនលើអូរប័រកណ្តាលសមុទ្រអំឡុងបញ្ចូនមកមន្ទីរពេទ្យ។
ស្ត្រីម្នាក់ឈ្មោះ លឹម ម៉ាប់ អាយុ៣០ឆ្នាំ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានសម្រាលកូននៅលើអូប័រកណ្តាលដៃសមុទ្រអំឡុងពេលធ្វើដំណើរក្នុងបំណងដើម្បីកាន់មន្ទីរពេទ្យកាលពីយប់អាធ្រាតកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ថា កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ ខែ ដែលជាកូនលើកទី១។ក្រុមគ្រូពេទ្យរបស់លោក ក្រោយពីទទួលបានព័ត៌មានក្រុមគ្រួសារស្រ្តីសម្រាលកូនភ្លាមៗ បានចុះជួយសង្គ្រោះជាបន្ទាន់ផងដែរ ដោយបន្តបញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តដោយទទួលបានសុវត្ថិភាពទាំងម្តាយនិងកូន ។បន្ទាប់ពីបានទទួលដំណឹងនេះ លោកស្រី ឈី វ៉ា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកោះកុង ដឹកនាំសមាជិកា សមាគមនារីខេត្ត បានចុះសួរសុខទុក្ខ និងឧបត្ថម្ភជា សម្លៀកបំពាក់ទារក និងថវិកាមួយចំនួន ដល់ស្ត្រីក្រីក្រដែលសម្រាលកូននៅលើទូក(អូប័រ)។
លោកស្រី ឈី វ៉ា ថ្លែងថា ករណីស្ត្រីសម្រាលកូនលើអូរប័រនេះជាករណីមួយចៃដន្យមួយក្នុងចំណោមករណីច្រើនផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងសុខភាពផ្ទាល់ខ្លួន ព្រោះស្រ្តីម្តាយបានមកទទួលសេវាពិនិត្យសុខភាពជាប្រចាំការទៅតាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែដោយសារគាត់មានអាការៈឈឺពោះខុសប្រក្រតីមុនដល់ពេលពេទ្យណាត់ គាត់ក៏សម្រេចចិត្តធ្វើដំណើរតាមអូរប័រ ដល់ពាក់កណ្តាល ផ្លូវក៏សម្រាលតែម្តង ដោយមានការអន្តរាគមពីក្រុមគ្រូពេទ្យបានទាន់ពេលវេលាធ្វើអោយមានសុវត្ថិភាពទាំងម្តាយនិងកូន។
ជាមួយគ្នានេះ លោកស្រី ឈី វ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីខេត្តកោះកុង សូមអោយស្ត្រីជាម្តាយ ថែទាំសុខភាពអោយបានល្អ និងសូមស្តាប់តាមការណែនាំរបស់ពេទ្យជំនាញក្នុងការថែទាំសុខភាពក្រោយពេលសម្រាល និងសូមជូនពរសូមអោយមានសុខភាពល្អ ទាំងម្តាយនិងកូន។
ដោយឡែកលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា អះអាងថា លោកនឹងប្រឹងប្រែងសម្របសម្រួលជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វើយ៉ាងណាបង្កើតប៉ុស្តិសុខភាពមួយនៅក្នុងភូមិកោះប៉ោ ដែលមូលដ្ឋានកលើកោះឆ្ងាយដាច់ស្រយោលដែលធ្វើដំណើរតាមផ្លូវទឹកខណៈការផ្តល់សេវាសុខភាពជាការងារចាំបាច់មួយសម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅក៏មានស្រ្តីម្នាក់ទៀតបានសម្រាលកូននៅលើកូនទូកដ៍កំសត់មួយ នៅពេលគាត់កំពុងធ្វើដំណើរតាមទូកមកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។
ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ៣៤ឆាំ មានទីលំនៅ ភូមិកោះ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទំងន់២៥០០ក្រាម។ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់មកកាន់មន្ទីរពេទ្យផងដែរ៕ អត្តបទ ៖ ឈឹម មករា




