ប្រដាល់សកល៖ ក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ហើយដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅប្រទេសឥណ្ឌា និងការត្រៀមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមជាដើម។ ប៉ុន្ដែការប្រមូលផ្ដុំនេះត្រូវបានអនុវត្ដវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងគុណភាពហ្វឹកហាត់ផង និងសុវត្ថិភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ផង។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ កីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថា សហព័ន្ធបានកោះហៅក្រុមជម្រើសជាតិចំនួន ១៣រូបធ្វើការហ្វឹកហាត់តាំងពីថ្ងៃទី១ ខែមេសាមកម្ល៉េះ លើកលែងកីឡាករកូនកាត់ខ្មែរ-អាមេរិកម្នាក់ដែលហ្វឹកហាត់នៅវៀតណាម។ ប៉ុន្ដែដោយការហ្វឹកហាត់ស្ថិតក្នុងបរិបទរីករាលដាលខ្លាំងនៃកូវីដ-១៩ សហព័ន្ធទាមទារឲ្យកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការដើរហើយ ពោលគឺអនុញ្ញាតឲ្យតែនៅផ្ទះ និងកន្លែងហ្វឹកហាត់ប៉ុណ្ណោះ ខណៈអ្នកមិនអនុវត្តនឹងត្រូវប្រឈមការព្យួរបេក្ខភាព សមាជិកក្រុមជម្រើសជាតិទៀតផង។ ការប្រមូលផ្ដុំនេះដែរ ធ្វើឡើងស្របពេលក្រសួងអប់រំ យុវជន និងកីឡាករ និងស្ថាប័នជំនាញ រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានពិគ្រោះគ្នាក្នុងការជំរុញឲ្យសហព័ន្ធ ដែលមានលទ្ធភាព និងរៀបចំកន្លែងសុវត្ថិភាព ក្នុងការចាប់ផ្ដើមប្រមូលផ្ដុំឡើងវិញ ។ ដូច្នេះក្រុមជម្រើសជាតិប្រដាល់សកល គឺជាកីឡាមួយក្នុងចំណោមកីឡាជាង ១០ប្រភេទដែលបានចាប់ផ្ដើមប្រមូលផ្ដុំឡើងវិញ ក្នុងដំណាក់កាលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅខែមេសានេះ ប៉ុន្ដែសហព័ន្ធគោរពវិធានការយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា បេសកកម្មចំពោះមុខ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការប្រមូលផ្ដុំក្រុមជម្រើសជាតិពេលនេះ ទី១-គឺដើម្បីត្រៀមបញ្ជូនកីឡាករ-កីឡាការិនីទៅប្រកួតជ្រើសរើសជើងឯកអាស៊ី នៅប្រទេសឥណ្ឌានាខែឧសភាខាងមុខ និងទី២-ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា