អាមេរិក៖ ប្រធានទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក CIA លោក William Burns បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារនេះមិនជឿថា បច្ចុប្បន្ននេះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងត្រៀមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែនទេ។

លោក Burns បានប្រាប់លោកស្រី Norah O'Donnell អ្នកសម្របសម្រួលកម្មវិធីព័ត៌មានពេលល្ងាចរបស់ទូរទស្សន៍ CBS ថា យើងត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនរាល់ការព្រមាននានា ដែលធ្វើឲ្យអ្វីៗប្រឈមហានិភ័យខ្លាំង។ ទោះយ៉ាងណាក៏ដោយលោកបានទទួលស្គាល់ថា យើងមិនបានមើលឃើញភស្តុតាងជាក់ស្ដែងណាមួយនៅឡើយទេ នៅពេលបច្ចុប្បន្ននេះនៅក្នុងសហគមន៍ចារកម្មអាមេរិកថា លោក Putin កំពុងបោះជំហានទៅកាន់តែជិតក្នុងការប្រើប្រាស់ជាក់លាក់ ឬថាមានការគំរាមដែលនឹងអាចមានឡើង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។
នៅពេលសួរថា តើមេដឹកនាំរុស្សីបាននិយាយគំរាមមែនទេ នៅពេលនិយាយអំពីការត្រៀមខ្លួនក្នុងការប្រើគ្រប់មធ្យោបាយដែលខ្លួនមាន ប្រសិនបើបូរណភាពទឹកដីរបស់ប្រទេសនេះត្រូវរងការគំរាមនោះ លោក Burns បាននិយាយថា វាពិបាកនិយាយណាស់នៅចំណុចនេះ។ នាយក CIA បានហៅវោហារសាស្ត្រពីលោក Putin និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតថា ខ្វះការពិចារណា និងទទួលខុសត្រូវខ្ពស់។ លោកក៏បានលើកឡើងផងដែរថា វាអាស្រ័យលើក្រុមអ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការទំនាក់ទំនងជាមួយទីក្រុង Moscow ដែលការសម្រេចចិត្តបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន