កោះកុង៖ អាជ្ញាធរឃុំប៉ាក់ខ្លង បានតម្រូវឱ្យប្រជាពលរដ្ឋអាជីវករដែលនៅក្នុងតំបន់រមណីយដ្ឋានចេតិយឃុនឆាងឃុនផែនរុះរើតូចលក់ដូររបស់ខ្លួនចេញថយក្រោយ ៣ម៉ែត្រ ដើម្បីរៀបចំសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ។
លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា នេះថា ដើម្បីឱ្យតំបន់ទេសចរណ៍ប្រវត្តិចេតិយឃុនឆាង ឃុនផែន សន្តិសុខសណ្តាប់ធ្នាប់ និងលើកកម្ពស់សោភ័ណ្ឌភាពអនាម័យបរិស្ថានល្អទាក់ទាញអ្នកទេសចរបន្ថែមពេលមានពិធីបុណ្យទានតូចធំ។
បើតាមលោកមេឃុំប៉ាក់ខ្លង ដូច្នេះរដ្ឋបាលឃុំរបស់លោក បានទុកពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី៥ ខែតុលាដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ជាកំហិត សម្រាប់ចូលរួមរុះរើតូបរបស់អាជីករចំនួន៦តូប។ ទិសដៅកែលម្អរបស់រដ្ឋបាលស្រុកមណ្ឌលសីមា គ្រោងពង្រីកផ្លូវចូលរមណីយដ្ឋានចេតិយឃុនឆាង ឃុនផែនឱ្យធំទូលាយជាងពេលនេះ ចំណតរថយន្ត បង្គាន់អនាម័យ និងការទុកដាក់សំរាមជាដើម។
ករណីប្រជាពលរដ្ឋអាជីវករមិនអនុវត្តតាមការជូនដំណឹងនោះទេ រដ្ឋបាលឃុំនឹងចាត់វិធានការតាមច្បាប់ និងមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់ផលប្រយោជន៍ណាមួយនោះឡើយ។ អាជ្ញាធរជឿជាក់លើស្មារតីចូលរួមសហការអនុវត្តពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសូមម្ចាស់តូបទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។
គួររម្លឹកថា កន្លងទៅ រដ្ឋបាលខេត្តកោះកុង និងមន្ទីរជំនាញពាក់ព័ន្ធ បានបង្ហាញពីគម្រោងផែនការជាច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានចេតិយឃុនឆាង ឃុនផែន ប៉ុន្តែដំណឹងនេះបែរស្ងប់ស្ងាត់ទៅវិញមិនឃើញមានសកម្មភាពគម្រោងអភិវឌ្ឍន៍អ្វីមួយកើតមាននោះទេ គ្រាន់តែអាជ្ញាធរខេត្ត និងមន្ទីរជំនាញចុះពិនិត្យសិក្សាវាយតម្លៃតែប៉ុណ្ណោះ៕ អត្ថបទ៖ ឈឹម មករា



