កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលពីផ្ទៃដីទៅផ្ទៃដី នៅព្រឹកថ្ងៃពុធនេះម៉ោងក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុដោយការបាញ់មីស៊ីលបាលីស្ទីកចុងក្រោយបំផុត របស់ប្រទេសកូរ៉េខាងជើង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យោធាបានបាញ់ប្រព័ន្ធមីស៊ីលនៃយុទ្ធវិធីកងទ័ព (ATACMS) សរុបចំនួន ៤គ្រាប់ចូលទៅកាន់សមុទ្រខាងកើត។ យោធានិយាយថា សមយុទ្ធបាញ់គ្រាប់ពិតនេះគឺមានគោលបំណង បង្ហាញពីសមត្ថភាពវាយប្រហារស៊ីបគោលដៅប្រឆាំងកូរ៉េខាងជើង។ កូរ៉េខាងជើងបានសាកល្បងសព្វាវុធរយៈចម្ងាយឆ្ងាយបំផុតរបស់ខ្លួនមិនធ្លាប់មានកាលពីថ្ងៃអង្គារ ជាមីស៊ីលបាលីស្ទីកមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលបានហោះលើប្រទេសជប៉ុន ហើយអាចទៅដល់ដែនដីកោះហ្គាំសមុទ្រប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងហួសពីនេះ ដោយបង្ខំឱ្យរដ្ឋាភិបាលជប៉ុនចេញការប្រកាសជូនដំណឹងអំពីការជម្លៀស និងផ្អាកសេវារថភ្លើង។

អ្នកជំនាញមួយចំនួនបាននិយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងគឺជាការបង្ហាញអាវុធបង្កហេតុបំផុតរបស់ខ្លួននៅឆ្នាំនេះ ខណៈប្រទេសនេះជំរុញឱ្យបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរពេញលេញ មានសមត្ថភាពអាចគំរាមដល់ដីគោករបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ជាមួយគ្នានេះកងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលបាលីស្ទីកចុងក្រោយបំផុត របស់កូរ៉េខាងជើង។ នាយសេនាធិការចម្រុះបាននិយាយថា យន្តហោះចម្បាំង F-15K ចំនួន ៤គ្រឿងរបស់កូរ៉េខាងត្បូង និងយន្តហោះ F-16 ចំនួន ៤គ្រឿងរបស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធនេះ។ នៅក្នុងសមយុទ្ធទម្លាក់គ្រាប់បែក យន្តហោះចម្បាំង F-15K បានទម្លាក់គ្រាប់បែក JDAM ចំនួន ២គ្រាប់នៅលើគោលដៅមួយនៅលើកោះ Jikdo ដែលគ្មានមនុស្សរស់នៅនៅសមុទ្រភាគខាងលិច៕
អត្ថបទ៖ ប៊ុនថន