ព្រះវិហារ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA និងសមាគមទេសចរណ៍ថៃ មានការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះវិហារ នឹងរៀបចំព្រឹត្តិការណ៍រួមគ្នាមួយ ឈ្មោះថា យាត្រាដើម្បីបេតិកភណ្ឌ (Tample Work) ដើរដង្ហែក្បួនពីជើងភ្នំ ឆ្ពោះទៅប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយបន្ថែម ពីសក្ដានុពលទេសចរណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដោយប្រជាពលរដ្ឋអាចចូលរួមដោយសេរី ។
ក្នុងពេលចុះសិក្សាដើម្បីរៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា យុទ្ធនាការនេះ គ្រោងនឹងមានមនុស្សប្រមាណជាង ១៥០០នាក់ចូលរួម ដោយក្នុងចំណោមនេះ មានជនជាតិថៃជាង ៥០០នាក់ តែពលរដ្ឋដ៏ទៀតអាចចូលរួមដោយសារសេរីបានផងដែរ និងអាចសួរព័ត៌មានបន្ថែមពីខាង PATA ។
លោកបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤ ទី១. ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ បរិស្ថាន, ទី២. ការផ្សារភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម, ទី៣. ការរឹតចំណងសាមគ្គីភាពរវាងកម្ពុជា-ថៃ និងទី៤. ការផ្សព្វផ្សាយពីបេតិកភណ្ឌពិភពលោក ។
តំណាងសមាគមទេសចរណ៍ភាគីថៃ បានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាមានសារសំខាន់ណាស់ ក្នុងការងាររឹតចំណងមិត្តភាពរវាងកម្ពុជា និងថៃ ដែលវានឹងអាចជួយឲ្យសេដ្ឋកិច្ចពលរដ្ឋទាំងពីរប្រទេសកាន់តែល្អប្រសើរ តាមរយៈការដោះដូរពាណិជ្ជកម្ម និងការធ្វើទេសចរណ៍ជាដើម ។
ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរព្រះវិហារ បានសម្ដែងនូវការគាំទ្រ ចំពោះការរៀបចំនូវព្រឹត្តិការណ៍នេះ ដោយរំពឹងថា នឹងធ្វើឲ្យកំណើនទេសចរណ៍មកលេងកម្សាន្ត នៅរមណីយដ្ឋានប្រាសាទព្រះវិហារ កាន់តែកើនឡើងវិញ បន្ទាប់ពីជួបផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនេះ អាជ្ញាធរព្រះវិហារ ក៏បានជួយផ្សព្វផ្សាយបន្ថែម ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរពីការរៀបចំព្រឹត្តិការណ៍នេះ ឲ្យកាន់តែទូលំទូលាយ តាមរយៈបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ៕
អត្ថបទ បាន សុខរិទ្ធិ




