រុស្ស៊ី៖ ប្រមុខការពារជាតិរុស្ស៊ីនិយាយថា យោធាបានជ្រើសរើសទាហានបម្រុងជាង ២សែននាក់ ដែលជាផ្នែកមួយនៃការកេណ្ឌទ័ពមួយផ្នែកដែលបានចាប់ផ្តើមកាលពី ២សប្តាហ៍មុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បាននិយាយថា ទាហានដែលបានជ្រើសរើសកំពុងទទួលការហ្វឹកហ្វឺន នៅតំបន់ហ្វឹកហាត់បាញ់កាំភ្លើងចំនួន ៨០កន្លែង មុនពេលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឱ្យមានការកេណ្ឌទ័ពកាលពីថ្ងៃទី២១ ខែកញ្ញា ក្នុងគោលបំណងពង្រឹងកងកម្លាំងដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។ លោក Shoigu ធ្លាប់បាននិយាយថា ទាហានបម្រុងរហូតដល់ ៣សែននាក់នឹងត្រូវកេណ្ឌឲ្យមកបម្រើសេវា ប៉ុន្តែបទបញ្ជារបស់លោក Putin បានបើកទ្វារសម្រាប់កិច្ចខិតខំប្រឹងប្រែងជ្រើសរើសកងទ័ពកាន់តែច្រើន ហើយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនបានប៉ាន់ប្រមាណថា យោធាពិតជាមានបំណងកេណ្ឌទាហានបម្រុងចំនួន ១លាននាក់ ឬច្រើនជាងនេះ៕
អត្ថបទ៖ ប៊ុនថន