ភ្នំពេញ៖ ទិវាគ្រូបង្រៀនក្នុងឆ្នាំ ២០២២នេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥តុលា ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ "គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង"។
ក្នុងឱកាសទិវាគ្រូបង្រៀននាឆ្នាំនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគក្នុងវិស័យអប់រំ ជាការវិនិយោគអនាគត ជាការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាការវិនិយោគលើសន្តិសុខរបស់សង្គមជាតិ។
ក្នុងនាមក្រសួងអប់រំ ឯកឧត្តម សូមដឹងគុណចំពោះកិច្ចប្រឹងប្រែងគ្រូបង្រៀន គ្រប់រូបគ្រប់ជំនាន់ ដែលបានបង្ហាត់បង្រៀនកូនខ្មែរអោយទទួលបានចំណេះដឹង ចំណេះធ្វើ ក្លាយជាពលរដ្ឋល្អ ក្លាយជាធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមជាតិដល់សព្វថ្ងៃ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា គ្រូបង្រៀនមានគុណបំណាច់ជាខ្លាំងគ្រប់កាលទេស: ជាពិសេសក្នុងគ្រាវិបត្តិកូវីដ-១៩។ ក្នុងវិបត្តិកូវីដ-១៩ គ្រូបង្រៀនដើរតួនាទី កាន់តែសំខាន់ក្នុងការផ្ដល់សេវាអប់រំអោយមាននិរន្តរភាព ដោយគ្រូបង្រៀនបានស្វះស្វែងរៀនជំនាញថ្មីៗ ដូចជាវិធីសាស្រ្តបង្រៀនតាមអនឡាញ និងបំនិនបច្ចេកវិទ្យាជាដើម។
លើសពីនេះនៅតាមទីជនបទ គឺគ្រូបង្រៀនចុះផ្ទាល់ដល់ខ្នងផ្ទះ ដើម្បីបង្រៀនសិស្សជាបណ្ដុំតូចៗ ដើម្បីធានាថាសិស្សទាំងនោះទទួលបានការសិក្សា។ ជារួមឯកឧត្តម អះអាងថា គ្រូបង្រៀនមានតួនាទី យ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍជាតិដែលទាមទារអោយមានការកំណែទម្រង់គ្រូបង្រៀនអោយកាន់តែប្រសើរ។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំង ជូនគ្រូបង្រៀន ជូនសិស្សានុសិស្ស និងពលរដ្ឋគ្រប់រូប ដែលឈានទៅការគ្រប់គ្រងស្ថានការណ៍បានប្រសើរ និងឈានទៅការបើកដំណើរការសាលារៀនឡើងវិញ។
ជាការតបស្នង ឯកឧត្តម ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើគ្រូបង្រៀននិងបុគ្គលិកអប់រំ ក៏នឹងធ្វើការដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយខកខានការដំឡើងដោយសារវិបត្តិកូវីដ-១៩ កន្លងទៅផងដែរ៕
អត្ថបទ៖ គឹមហុក