កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ នឹងកា្លយជាតំបន់ឧស្សាហកម្មធំមួយ និងអាចស្រូបយកសក្តានុពលវិនិយោគកាន់តែច្រើន ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ជាពិសេសខេត្តមួយនេះ ជាចំណុចកណ្តាលរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ងាយដល់ការចរាចរណ៍ទំនិញចុះឡើង។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សេវាដឹកជញ្ជូន កាន់តែលឿន និងមានទំនុកចិត្ត ក្នុងនោះចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម វិនិយោគិននឹងអាចសម្លឹងមើល អំពីសក្តានុពលវិនិយោគរបស់ខ្លួននៅខេត្តកំពុងស្ពឺ ដោយសារខេត្តមួយនេះមានថ្លៃដីទាប អាចសង់រោងចក្របានច្រើន សម្រាប់ផលិតបម្រើទីផ្សារនាំចេញ ដែលរំពឹងថា នៅពេលខាងមុខ កម្ពុជានឹងទទួលបានរបាយនៃការវិនិយោគតាមតំបន់ផ្សេងៗកាន់ច្រើន ។
ទាក់ទងការអភិឌ្ឍន៍នេះ, ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា អ្វីដែលកម្ពុជា កំពុងទទួលបាន ជាពិសេសអ្វីដែលខេត្តកំពង់ស្ពឺកំពុងមានបច្ចុប្បន្ន គឺបានកើតចេញពីសុខសន្តិភាព ក្នុងនោះមានសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភវិឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។
ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធនៅខេត្តកំពង់ស្ពឺ បានកំពុងគ្រប់ដណ្តប់កាន់តែល្អប្រសើរ គឺមានផ្លូវ មានទឹក មានភ្លើង នឹងស្របពេលផ្លូវល្បឿនលឿនបានកើតឡើងជាបន្តបន្ទាប់ទៀតនេះ វិនិយោគិនអាចសម្លឹងឃើញ អំពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តម អភិបាល បានបញ្ជាក់ថា រដ្ឋបាលសាលាខេត្ត តែងតែចូលរួមផ្សព្វផ្សាយ ជាពិសេសចាប់តាំងពីរការបើកសម្ពោធសាងសង់ផ្លូវល្បឿនលឿន អំពីទីតាំង ភូមិសាស្រ្ត ធ្វើឲ្យអ្នករកស៊ីទទួលទានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយកន្លងមកនេះ ខេត្តកំពង់ស្ពឺទទួលបានឱកាសវិនិយោគជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី