អូឡាំពិក៖ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបើកកិច្ចប្រជុំសមាជិកប្រតិបត្តិដោយមានការចូលរួមពីសំណាក់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជ្រើសរើសគ្រូបង្វឹក និងកីឡាករបញ្ជូនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន តាមប្រព័ន្ធអនឡាញ ZOOM។
លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់តាមប្រព័ន្ធអនឡាញក្រោយពីប្រជុំចប់ថា កិច្ចប្រជុំសមាជិកប្រតិបត្តិសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដោយមានការចូលរួមពីសំណាក់លោក សំហេង បុរស បានសម្រេចចិត្តជ្រើសរើសយកលោកគ្រូបង្វឹក ពុធ បូរាត្រី និងកីឡាករឆ្នើមរបស់សហព័ន្ធ គឺកីឡាករអត្តពលកម្ម ប៉ែន សុគង់ ឲ្យចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រព្រឹត្តិពិធីបើកជាផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
លោកបានបន្តថា សម្រាប់ការជ្រើសរើសគ្រូបង្វឹក និងកីឡាករខាងលើនេះ សមាជិកប្រតិបត្តិសហព័ន្ធធ្វើការដោយ យកចិត្តទុកដាក់យ៉ាងខ្លាំងមិនចេះតែចាប់ដាក់ឡើយ សុទ្ធសឹងមានការសម្រេចពីថ្នាក់ដឹកនាំសហព័ន្ធ និងគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ។ ចំពោះកីឡាករ ប៉ែន សុគង់ ប្រកួតលើវិញ្ញាសារត់ ១០០ម៉ែត្រ ដោយសារការប្រកួតកីឡាអូឡាំពិកឲ្យប្រកួយតែមួយវិញ្ញាសាប៉ុណ្ណោះ។ ព្រឹត្តិការណ៍អូឡាំពិក ២០២០ នឹងបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ គង់ ហួន